សេដ្ឋកិច្ច

កម្ពុជា រកចំណូលបាន​ជាង​៨២​លាន​ដុល្លារ​ពី​ការលក់​លេខ​ពិសេស​

​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​អន្តរក្រសួង​បានឱ្យដឹងថា​៖ លេខ​ចុះបញ្ជី​រថយន្ត (​លេខ​ចុះបញ្ជី ពិសេស និង​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​) គិត​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៦ ដល់​ខែកញ្ញា ឆ្នាំ​២០២២​នេះ លក់បាន​ចំនួន ២២៥ ១៧១ លេខ ទទួលបាន​ចំណូល​សរុប ចំនួន ៣២៩ ៦៧២ ៤៩៩ ០០០ រៀល ស្មើនឹង ៨២ ៤១៨ ១២៥ ដុល្លារ​អាមេរិក​។ ដោយឡែក​ចំណូល​ពី​ការលក់​លេខ​ចុះ បញ្ជី​ពិសេស និង​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២២ ទទួលបាន​ចំណូល​ថវិកា​សរុប​ចំនួន ៦៤ ៦៣៨ ៩៧០ ៤០០ រៀល កើនឡើង​ប្រមាណ ៣០% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១​។​

​ប្រភព​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​២០​ខែតុលា បានឱ្យដឹងថា លោកជំទាវ កុយ សុ​ដា​នី រដ្ឋលេខាធិការក្រសួង​សាធា រណការ និង​ដឹកជញ្ជូន​និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ប្រចាំ​ខែកញ្ញា ឆ្នាំ​២០២២ ស្ដីពី​វឌ្ឍនភាព​នៃ​ការលក់​លេខ​ចុះបញ្ជី​រថយន្តដោយមាន​ការចូលរួម​ពីសមាជិក​សមាជិកា​គណៈ​កម្ម​ការ​អន្តរ ក្រសួង និង​មន្ត្រី​ជំនាញ​អង្គភាព​ពាក់ព័ន្ធ​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​លើ​របាយការណ៍​វឌ្ឍនភាព​ការងារ​លក់​លេខ​ចុះ បញ្ជី​រថយន្ត​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២២​ការពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ​របស់​អនុគណៈកម្មការ​ទាំងពី​រ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទាក់ទង​នឹង​ការអនុវត្ត​ការងារ​ដើម្បី​ជំរុញ​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​ឱ្យ​កាន់ តែមាន​ប្រសិទ្ធភាព​សំដៅ​ប្រមូល​ចំណូ​ជាតិ​ឱ្យបាន​ច្រើន​ថែមទៀត​។

​អង្គ​ប្រជុំបាន​ពិភាក្សា​លើ​របាយការណ៍​សម្រេចបាន​ទាក់ទង​នឹង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត ការចែក រំលែក​មតិយោបល់​យ៉ាង​ផុសផុល​លើ​វឌ្ឍនភាព​ការងារ និង​ទិសដៅ​ការងារ​បន្ត ដែល​ក្នុងនោះ​រួមមាន​៖ ការសិក្សា​តម្លៃ​រក្សា​លេខ​ចុះបញ្ជី​រថយន្ត ការស្ទង់មតិ​ប្រជាពលរដ្ឋ​ក្នុង​ការទិញ​លេខ​ចុះបញ្ជី​រថយន្ត ការ ផ្ដល់​មតិយោបល់​លើ​ការរៀបចំ​ពិព័រណ៍​ខួប​៣​ឆ្នាំ (​ឆ្នាំ​២០២០-២០២៣) ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំ ទូលាយ​ទៅកាន់​ក្រុមហ៊ុន សហគ្រាស ក៏ដូចជា​ប្រជាពលរដ្ឋ ឱ្យបាន​យល់ដឹង​កាន់តែច្បាស់​អំពី​ការចុះ បញ្ជី​លេខ​ពិសេស និង​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន និង​ការជំរុញ​លើកទឹកចិត្ត​មន្ត្រី​ជំនាញ​បច្ចេកវិទ្យា​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​សំដៅ​ផ្ដល់នូវ​ការវិវឌ្ឍ​ន៍​ថ្មីៗ​ទាក់ទង​នឹង​សង្គម​ឌីជីថល​៕ដោយៈសិរីមតី