សន្ដិសុខសង្គម

៧ថ្ងៃ ប្រើកម្លាំង១.០០០នាក់បន្តប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រនិងកងទ័ព២នាក់ដែលបាត់ការទាក់ទងឬសង្ស័យថាធ្លាក់នៅតំបន់ព្រៃភ្នំក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់

ដោយ : បន្ទាយ
ពោធិ៍សាត់ ៖កងកម្លាំងចម្រុះប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រនិងកងទ័ព២នាក់ដែលបាត់ការទាក់ទងនៅតំបន់ព្រៃភ្នំក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់បានស៊ីពេល៧ថ្ងៃមកហើយ ដោយគេប្រើប្រាស់កម្លាំង១.០០០នាក់។

មន្ត្រីយោធភូមិភាគទី៥ បានអោយដឹងថ្ងៃទី២០ខែកក្កដាថា: យោងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ការចង្អុលបង្ហាញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោកចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រនិងកងទ័ពលើនោះដែលបានបាត់ការទាក់ទងនៅតំបន់ព្រៃក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ នៅតែបន្ត ហើយក៏រកមិនទាន់ឃើញនៅឡើយដដែល ។

តើនរណាខ្លះដែលដឹកនាំប្រតិបត្តិការនេះ ?

ខាងក្រោមនេះ ជាមេយោធាជាន់ខ្ពស់កម្ពុជាសំខាន់ៗដែលដឹកនាំបញ្ជាផ្ទាល់ ៖
១-នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ។
២-នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ
៣-នាយឧត្តមសេនីយ៍សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស
៤-លោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក
៥-លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥
៦-ឧត្តមសេនីយ៍ទោ ស៊ុ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស  បន្តដឹកនាំកម្លាំងជាង១.០០០នាក់ រុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ក្នុងភូមិសាស្រ្តព្រៃភ្នំស្រុកវាលវែងខេត្តពោធិ៍សាត់ ។

មន្ត្រីនោះបានបន្តថា: ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក កងកម្លាំងចម្រុះ នៅតែបន្តរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនិងសង្ស័យថាធ្លាក់ក្នុងតំបន់ព្រៃក្រាស់ ។

គិតមកដល់ថ្ងៃនេះ មានរយ:ពេល៧ថ្ងៃហើយ(បាត់ពីថ្ងៃទី១២ ចាប់ផ្តើមរកពីថ្ងៃទី១៣ ដល់២០ ខែកក្កដា ឆ្នាំ២០២៤។

បើយោងប្រភពខាងលើ បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយរួមមាន៖ ១-កងកម្លាំងរុករកពីខាងលើតំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូននិង២-កម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ ។

បើទោះបីជួបការលំបាក ដោយអាកាសធាតុ មានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី កងកម្លាំងរុករក នៅតែបន្តប្រតិបត្តិការ ប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា។

កងកម្លាំងប្រតិបត្តិការបេសកកម្មបន្តព្យាយាមរុករកនៅតំបន់សង្ស័យ ដោយសង្ឃឹមថានឹងរកឃើញឧទ្ធម្ភាគចក្ររួមទាំងមនុស្សផងដែរ។

ទោះជាយ៉ាងនេះក្តី ក៏សូមបួងសួងដល់វត្ថុសិក្ដិសិទ្ធិនៅតំបន់នេះជួយឃុំគ្រង បីបាច់ថែរក្សាមនុស្សក្នុងឧទ្ធម្ភាគចក្រ ឲ្យនៅមានជីវិត ដើម្បីជួបជុំជាមួយគ្រួសារពួកគាត់វិញផង ។

សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រផលិតនៅប្រទេសចិន ដែលបាត់ពីការទាក់ទងពេលហោះហើរនេះម៉ាកZ-9 លេខMH912 ។វាត្រូវហ្វឹកហ្វឺនផ្លូវឆ្ងាយ : ភ្នំពេញ-ថ្មដា-ពោធិ៍សាត់-ភ្នំពេញ ។ដោយចេញដំណើរពីថ្ងៃទី១២ខែកក្កដា ម៉ោង១១:០០នាទីព្រឹកនិងមកដល់វិញនៅម៉ោង១៤និ០០ នាទិថ្ងៃដដែល ។លើឧទ្ធម្ភាគចក្រ មានលោកស៊ុន ផ្លា ជាប្រធានក្រុមនិងលោកខេង ឆៃយុទ្ធ ជាអាកាសយានិក(Pilot) ៕