កីឡា

Jota នឹង​ខាន​ចូលរួម​ជាមួយ​ព័រទុយហ្គាល់ នៅ World Cup ដោយសាររបួសកំភួនជើង

គ្រូបង្វឹករបស់​ក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់កាលពីថ្ងៃអង្គារថា កីឡាករ Diogo Jota នឹងខកខានចូល​រួម​ជួយ​ក្រុមព័រទុយហ្គាល់ ក្នុង​ការប្រកួត នៅ​ព្រឹត្តិការណ៍ World Cup ដោយសារ​រងរបួសកំភួនជើងធ្ងន់ធ្ងរ។

ខ្សែ​បម្រើ​ស្លាប​រូប​នេះ ​ត្រូវ​បាន​សែង​ចេញ​ពីទីលាន ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការប្រកួត ដែល​ក្រុម Liverpool មាន​ជ័យ​ជម្នះ​លើ​ក្រុម​មេឃខៀវ Manchester City ក្នុង​លទ្ធផល ១-០ នៅ Premier League កាល​ពី​ថ្ងៃ​អាទិត្យ។

«វា​មិនមែនជាព័ត៌មានល្អនោះ​ទេ​ពី​កីឡាករ Diogo។ រូប​គេ​នឹងខកខានចូល​រួម​ World Cup។ វា​ជា​ការ​រង​របួស​ធ្ងន់​ធ្ងរ​នៅ​សាច់ដុំ​កំភួនជើង ហើយ​ឥឡូវ​នេះ​ ដំណើរ​ការ​នៃ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ ​ចាប់​ផ្តើម​ហើយ»។ នេះ​ជា​ការ​និយាយ​របស់​លោក Klopp នៅ​ឯ​សន្និសីទសារព័ត៌មានមុនការប្រកួតក្នុងទឹក​ដី​ជាមួយក្រុម West Ham នៅ​ថ្ងៃពុធនេះ​។

លោក Klopp បាន​បន្ថែមថា៖ «នោះគឺជាការ​វិនិច្ឆ័យរបួសដំបូង ដែលមាន​ភាពច្បាស់លាស់​គួរសម ហើយកិច្ចការ​នៅសល់ទាំងអស់ នឹងធ្វើ​ជា​បន្ត​បន្ទាប់ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ វាជាដំណឹងដ៏សោកសៅបំផុតសម្រាប់កីឡាករ​រូបនេះ និង​សម្រាប់យើងផងដែរ ហើយ​ប្រាកដណាស់សម្រាប់ក្រុមព័រទុយហ្គាល់»។

លោក Klopp ដែលបាននិយាយថា កីឡាករ Jota នឹងមិនត្រូវការការវះកាត់នោះ មិនបានកំណត់ពេលវេលាច្បាស់លាស់​នៃ​ការត្រឡប់មកវិញរបស់កីឡាករនោះទេ ប៉ុន្តែរំពឹងថា កីឡាករវ័យ ២៣ឆ្នាំរូបនេះនឹងត្រូវអវត្តមានជាច្រើនខែ។

កីឡាករ Jota បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា៖ «បន្ទាប់ពីរាត្រីដ៏ស្រស់​ត្រកាល នៅទឹក​ដី Anfield ភាព​រីក​រាយ​របស់​ខ្ញុំ ត្រូវ​បានបញ្ចប់ក្នុងផ្លូវដ៏អាក្រក់បំផុត។ ​ប៉ុន្មាននាទីចុងក្រោយ ក្តីសុបិនរបស់ខ្ញុំបាន​រលាយ​បាត់។ ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​គាំទ្រ​ ១​រូប​ទៀត​ពី​ខាង​ក្រៅ ទាំង​សម្រាប់ក្លិប និង​ប្រទេសរបស់​ខ្ញុំ ហើយ​តស៊ូ​ដើម្បី​ត្រឡប់​មក​វិញ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»៕