កីឡា

Galo របស់​កូស្តារីកា វិជ្ជមាន​សារធាតុហាមឃាត់ នៅមុន World Cup ​

សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសកូសា្តរីកា (FCRF) បានប្រកាសកាលពីថ្ងៃអង្គារថា ខ្សែបម្រើ Orlando Galo របស់​ក្រុម​ជម្រើសជាតិកូស្តារីកា បានធ្វើតេស្តវិជ្ជមាន ចំពោះសារធាតុហាមឃាត់ ក្នុងខែកញ្ញា។

កីឡាករ Galo វ័យ ២២ឆ្នាំ ត្រូវបានរកឃើញថា មានសារធាតុ​ជំនួយ​សាច់​ដុំ​ម៉្យាង នៅក្នុងទឹកនោមរបស់គេ អំឡុងការ​ត្រួត​ពិនិត្យ បន្ទាប់ពីការ​ប្រកួតស្មើ ២-២ ជាមួយកូរ៉េខាងត្បូង កាលពីខែមុន។

FCRF បានឱ្យ​ដឹង​ថា៖ «សហព័ន្ធបាល់ទាត់កូស្តារីកា សូម​ប្រកាសថា សហព័ន្ធបានទទួលលិខិតពី សហព័ន្ធបាល់​ទាត់​អន្តរជាតិ (FIFA) ដែល​ជូនដំណឹងពីលទ្ធផលនៃការធ្វើតេស្តរក​សារធាតុជំនួយកម្លាំង​ផ្សេង​ៗ ហើយ​កីឡាករ Orlando Galo Calderon បានធ្វើតេស្តវិជ្ជមាន ចំពោះ​សារធាតុហាមឃាត់»។

កីឡាករ Galo មានពេលចន្លោះពី ៣ ទៅ ៧ថ្ងៃ ដើម្បីធ្វើ​ការ​ប្តឹងឧទ្ធរណ៍ ហើយបន្ទាប់ពីរយៈពេលនោះ FIFA នឹងសម្រេចថា តើត្រូវដាក់​ពិន័យ ឬអត់។

ក្រុម​ជម្រើសជាតិកូស្តារីកា នឹង​ត្រូវចាប់ផ្តើមយុទ្ធនាការនៅឯ​ព្រឹត្តិការណ៍ World Cup នាប្រទេស​កាតា សម្រាប់​ការ​ប្រកួតក្នុង​ពូល E របស់ខ្លួន ទល់នឹងក្រុមអេស្ប៉ាញ នៅថ្ងៃទី២៣ ខែវិច្ឆិកា មុននឹង​ជួបជាមួយក្រុមជប៉ុន និងអាល្លឺម៉ង់តាម​លំដាប់​លំដោយ​៕