កីឡា

​កីឡដ្ឋាន​ Kanjuruhan ដែល​​រត់​ជាន់គ្នា ស្លាប់​ជាង ១៣០នាក់ នឹង​ត្រូវកម្ទេចចោល

ប្រទេសឥណ្ឌូណេស៊ី​នឹងវាយ​​កម្ទេច ហើយ​សាង​សង់ជាថ្មីឡើង​វិញ​នូវ​​កីឡដ្ឋាន​បាល់​ទាត់ ដែល​​មានកើត​​ហេតុការណ៍រត់​ជាន់គ្នា រហូត​បណ្ដាល​ឱ្យ​​មនុស្ស​ជាង ១៣០​នាក់ បាន​បាត់បង់ជីវិតកាលពី​ដើម​ខែ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក Joko Widodo កាល​ពីថ្ងៃ​អង្គារ ទី១៨ ខែតុលា ខណៈដែល​ប្រធានាធិបតី​ឥណ្ឌូណេស៊ីរូប​នេះ ប្ដេជ្ញា​កែប្រែវិស័យកីឡា​នេះ​ទាំង​ស្រុង ក្នុង​ប្រជាជាតិដែលងប់​នឹង​បាល់​ទាត់។

លោក Widodo បាន​លើក​ឡើង​​បែប​នេះ អំឡុង​ពេលធ្វើ​សន្និសីទ​កាសែត បន្ទាប់ពី​ជួប​ជាមួយ​ប្រធាន​សហព័ន្ធបាល់ទាត់​អន្តរជាតិ (FIFA) លោក Gianni Infantino ដោយ​លោក​បាន​អះអាងថា លោក​បាន​យល់ព្រម​ជាមួយ​ប្រធាន​គ្រប់​គ្រង​ស្ថាប័ន​បាល់​ទាត់​ពិភពលោក​លើ​ការផ្លាស់ប្តូរ​ចំពោះ​របៀប​គ្រប់គ្រង​កីឡា​បាល់ទាត់នៅ​ឥណ្ឌូណេស៊ី ឱ្យ​​ស្របតាម​ស្ដង់ដា (មាត្រដ្ឋាន) ​របស់ FIFA។

លោកប្រធានាធិបតី Widodo បាន​ថ្លែង​ថា៖ «កីឡដ្ឋាន Kanjuruhan នៅក្រុង Malaangនឹងត្រូវ​កម្ទេចចោល ហើយសាងសង់ឡើងវិញ ឱ្យ​ស្រប​តាមស្តង់ដារបស់ FIFA»។

ការ​ជួបគ្នា រវាង​លោក Widodo និង​លោក ​Infantino ធ្វើឡើង​បន្ទាប់ពី​ឥណ្ឌូណេស៊ី និង FIFA បាន​យល់ព្រម​បង្កើត​ក្រុមការងារ​រួម​មួយ ក្រោយកើត​មាន​​សោកនាដកម្ម​ នៅ​កីឡដ្ឋាន ហើយ​ខណៈ​ឥណ្ឌូណេស៊ី​ ត្រៀម​ខ្លួន​​ធ្វើជា​ម្ចាស់ផ្ទះសម្រាប់​ការប្រកួត​ World Cup ​អាយុ​ក្រោម ២០​ឆ្នាំ នា​ឆ្នាំក្រោយ។

ហេតុការណ៍រត់​ជាន់គ្នា ​បន្ទាប់ពី​ការប្រកួតបាល់​ទាត់​ ក្នុង​លីគ កាលពី​ថ្ងៃទី១ ខែ​តុលា ​ត្រូវ​បាន​ដាក់​កំហុស​ទៅ​លើក្រុម​ប៉ូលិស ដែល​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ក្នុង​កីឡដ្ឋាន ពោល​គឺជា​វិធានការ​គ្រប់គ្រង​ក្រុម​មនុស្ស ដែល​ហាមឃាត់​ដោយ FIFA។ លោក Infantino ថ្លែង​នៅពេល​ឈរ​ជាមួយ​លោក Widodo ថា អាទិភាព​ចម្បងរបស់ FIFA គឺការ​​ធានា​សុវត្ថិភាព​ សម្រាប់​ទាំង​កីឡាករ និង​អ្នកគាំទ្រ នៅ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។

«នេះ​គឺជា​ប្រទេស​បាល់ទាត់ ពោលគឺ​​ជា​ប្រទេសដែល​​មនុស្ស​ជាង ១០០​លាន​នាក់ មាន​ចំណូលចិត្ត​លើ​បាល់ទាត់។ យើង​មាន​កាតព្វកិច្ចថែរក្សា​​ពួកគេ ដោយ​នៅពេល​គេ​មើល​ការប្រកួត​ យើង​ត្រូវធានា​ថា ពួក​គេមាន​សុវត្ថិភាព»។ លោក Infantino បាន​បន្ថែម​។

ដោយ​​រង​សម្ពាធ​ឱ្យ​ពន្យល់​ពីអ្វីដែល​បណ្តាលឱ្យ​មាន​ការរត់​ជាន់គ្នាស្លាប់ ក្នុង​កីឡដ្ឋាននេះ ក្រុម​ស្វែងរក​ការពិត ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានចេញ​ផ្សាយ​របាយ​ការណ៍​មួយកាលពី​សប្តាហ៍​មុន ដែល​សន្និដ្ឋានថា ការប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ហួសហេតុ និង​ប៉ាតណាប៉ាតណី គឺជា​មូលហេតុ​នៃ​ការស្លាប់។

ហើយរបាយការណ៍​ក៏បាន​កំណត់​កត្តា​រួមចំណែក​ផ្សេងទៀតដែរ ដូចជា​ដាក់​ចំនួន​អ្នកចូលរួម​លើស​ចំណុះ បិទ​សោ​ទ្វារ​ចេញចូល និង​រៀបចំ​ការប្រកួតនៅពេល​យប់ ដើម្បី​ទទួលបាន​ការវាយតម្លៃ​ការប្រកួត​ឱ្យ​កាន់តែ​ប្រសើរសម្រាប់អ្នកផ្សាយក្នុងស្រុក ទោះបីជា​មានការ​ស្នើសុំ​ពី​ប៉ូលិស​ឱ្យ​រៀបចំ​ការប្រកួតនៅពេល​ថ្ងៃ​ក៏ដោយ៕