សេដ្ឋកិច្ច

ភ្ញៀវទេសចរ​ទូទាំងប្រទេស​នា​សប្ដាហ៍​ទី​២​ខែតុលា ឡើងដល់​ជិត​១​លាន​នាក់​

ភ្នំពេញ​៖​ក្នុង​សប្តាហ៍​ទី​២​ចាប់ពី​ថ្ងៃទី​១០-១៦ ខែតុលា ២០២២ ចំនួន​ទេសចរ​បាន​ឡើងដល់​ចំនួន​៩៣៨,៩២៨​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​៩១៤,៥៤៣​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​២៤,៣៨៥​នាក់​។​នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី​១៨​ខែតុលា​។​

​ក្រសួងទេសចរណ៍​បានឱ្យដឹងថា​៖​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖​ខេត្តកំពង់ចាម ៤០១,៩២៩​នាក់​,​ខេត្ត​ព្រះសីហនុ ១៣៩,៥៩១​នាក់​,​បាត់ដំបង ១៣៥,៨៩៩​នាក់​, ព្រៃវែង ៦៨,៥២៥​នាក់​,​ពោធិ៍សាត់ ៥៩,៨៤៥​នាក់​,​សៀមរាប២៧,៨២២​នាក់​,​ខេត្តកំពត២៣,២៤៦​នាក់​។​

​តួលេខ​ខាងលើ មានការ​កើនឡើង​ប្រមាណ​១៥០.៤៥% ធៀប​នឹង​សប្តាហ៍​កន្លងមក​។ កំណើន​ភ្ញៀវ​ផ្ទៃក្នុង​ច្រើន​ក្នុង​សប្តាហ៍​កន្លងមក ដោយសារ​រដ្ឋបាលខេត្ត​កំពង់ចាម ព្រៃវែង និង​ពោធិ៍សាត់​បានរៀបចំ​ពិធី​ប្រណាំងទូក បណ្តែតប្រទីប អុជ​កាំជ្រួច និង​តាំងពិព័រណ៍ ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ជាច្រើន​កុះ​កុរ​។​

​ទន្ទឹមនឹងនេះ ខេត្ត​ព្រះសីហនុ​បន្ត​ទទួលបាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ជាច្រើន​ក្នុង​រយៈពេល​២​សប្តាហ៍​ជាប់​គ្នា​បន្ទាប់ពី​មានការ​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​- ព្រះសីហនុ រយៈពេល​១​ខែ ចាប់ពី​ថ្ងៃទី​១-៣១ ខែតុលា ឆ្នាំ​២០២២​។​បណ្តា​ខេត្ត​ផ្សេងទៀត​ដែល​នៅជាប់​បណ្តោយ​ដង​ទន្លេ បាន​កំពុង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំងទូក ទៅតាម​ពេលវេលា​សមស្រប និង​ស្ថានភាព​ជាក់ស្តែង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​៕​ដោយៈផាវី