កីឡា

Conte អះអាងថា Richarlison ជាទាន់ World Cup តែអវត្តមាន ពេលប៉ះ Man Utd

លោក Antonio Conte បាននិយាយសម្រាលពីការព្រួយបារម្ភ ដែលថា ខ្សែប្រយុទ្ធ Richarlison នឹងខកខានចូលរួម ក្នុងព្រឹត្តិការណ៍ World Cup ប៉ុន្តែបានបញ្ជាក់ថា កីឡាកររូបនេះ នឹងមិនមានវត្តមាន សម្រាប់ការប្រកួតរបស់ក្រុម Tottenham Hotspur (Spurs) ជាមួយក្រុម Manchester United នាថ្ងៃពុធនោះទេ។

កីឡាករ Richarlison បានរងរបួសកំភួនជើង អំឡុងជ័យជម្នះ ២-០ របស់ក្រុម Spurs លើក្រុមចាស់ Everton របស់គេ ហើយត្រូវបានដូរចេញ នៅនាទីទី៥២ មុនពេលក្រោយមកត្រូវបានឃើញដើរដោយមានឈើច្រត់ ដែលនេះបង្កឱ្យមានការព្រួយបារម្ភថា រូបគេអាចប្រឈមនឹងការប្រជែងជាមួយពេលវេលា ដើម្បីជាសះស្បើយទាន់ការប្រកួតបើកឆាក នៅ World Cup របស់ក្រុមជម្រើសជាតិប្រេស៊ីលទល់នឹងក្រុមស៊ែប៊ី នៅថ្ងៃទី២៤ ខែវិច្ឆិកា។

ដោយឆ្លើយតបទាំងទឹកភ្នែក ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ESPN Brazil ក្រោយចប់ការប្រកួត កីឡាករ Richarlison បានប្រាប់ថា៖ «វាពិតជាពិបាកនិយាយណាស់ ព្រោះវាជិតដល់ពេលសម្រេចក្តីសុបិនរបស់ខ្ញុំហើយ»។

ប៉ុន្តែនៅពេលត្រូវបានចោទសួរជុំវិញករណីរបស់កីឡាករ Richarlison ដែលអាចខកខានការប្រកួត នៅ World Cup លោក Conte បានផ្ដល់សារបែបសុទិដ្ឋិនិយម ដោយគ្រូបង្វឹករូបនេះ បានប្រាប់អ្នកយកព័ត៌មានថា៖ «របួសរបស់ Richarlison ឬ? រូបគេ កំពុងទទួលការស្កែន ហើយបន្ទាប់មកយើងនឹងដឹងថា តើគាត់ត្រូវការរយៈពេលយូរប៉ុនណា ដើម្បីជាសះស្បើយឡើងវិញ»។

«ប្រាកដណាស់ សម្រាប់ការប្រកួតទល់នឹងក្រុម Man Utd រូបគេមិនអាចមានវត្តមានទេ។ តែខ្ញុំអាចបញ្ជាក់បានថា កីឡាកររូបនេះនឹងមិនមានហានិភ័យ ក្នុងការមិនបានចូលរួមលេង នៅ World Cup ជាដាច់ខាត»។ លោក Conte បានអះអាងបន្ថែម។

ជាមួយគ្នានេះដែរ លោក Conte មិនប្រាកដថា តើខ្សែបម្រើប្រយុទ្ធ Dejan Kulusevski នឹងជាសះស្បើយ ១០០ភាគរយ សម្រាប់ការប្រកួត នៅថ្ងៃពុធ នាទឹកដី Old Trafford ដែរ ឬអត់ បន្ទាប់ពីកីឡាករអន្តរជាតិស៊ុយអែតរូបនេះ មិនបានបង្ហាញខ្លួន ក្នុងជំនួបជាមួយក្រុម Everton ដោយសាររបួសសរសៃពួរ៕