សេដ្ឋកិច្ច

CDC​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ចំនួន​២​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ទុនវិនិយោគ​សរុប​ជាង​១១​លាន​ដុល្លារ​

​ភ្នំពេញ​៖ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC )​បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​២ ក្នុង​ទុនវិនិយោគ​សរុប​ជាង​១១​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ធ្វើការ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែក្រវាត់ និង​កាបូប​គ្រប់​ប្រភេទ​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

​ក្រុមហ៊ុន​ទី​១ មាន​ឈ្មោះថា “J-STAR GARMENT (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ​រោង ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,៨​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.៣៣៦​កន្លែង​។​

​ក្រុមហ៊ុន​ទី​២​គឺ “K5 INDUSTRIAL CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែក្រវាត់ និង​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,៥​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៧១៨​កន្លែង​។​

នៅក្នុង​សប្ដាហ៍​ទី​២​នៃ​ខែតុលា ឆ្នាំ​២០២២​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជូន​ក្រុមហ៊ុន​វិនិយោគ​ចំនួន​៧ ដែលមាន​ទឹកប្រាក់​ជាង​៤០​លាន​ដុល្លារ​អាមេរិក​៕ដោយៈសិរីមតី