កីឡា

Benzema ឈ្នះពានរង្វាន់ Ballon d’Or ខណៈ Putellas រក្សាជយលាភីផ្នែកនារី

កីឡាករ Karim Benzema ត្រូវបានផ្តល់រង្វាន់យ៉ាងពិសេស សម្រាប់ការសម្រេចបានជោគជ័យ ដ៏អស្ចារ្យជាមួយក្រុម Real Madrid តាមរយៈការឈ្នះពានរង្វាន់ពីកម្មវិធី Ballon d’Or នៅឯពិធីដ៏ល្បីល្បាញមួយ ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ខណៈកីឡាការិនីសញ្ជាតិអេស្ប៉ាញ Alexia Putellas របស់ក្រុម Barcelona នៅបន្តគ្រងពានរង្វាន់នេះផ្នែកនារី ១ឆ្នាំ។

Benzema គឺជាកីឡាករសញ្ជាតិបារាំងដំបូងគេ ដែលបានឈ្នះពានរង្វាន់ឯកត្តជនដ៏មានកិត្យានុភាពបំផុត ក្នុងវិស័យបាល់ទាត់នេះ គិតចាប់តាំងពីលោក Zinedine Zidane ក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីរូបគេបានបង្ហាញនូវទម្រង់លេងយ៉ាងល្អអស្ចារ្យ ដោយការស៊ុតបញ្ចូលទីបាន ៤៤គ្រាប់ ក្នុងចំណោមការប្រកួត ៤៦លើក សម្រាប់ក្លិបរបស់គេ កាលពីរដូវកាលមុន ខណៈដែលក្រុម Real បានក្លាយជាជើងឯក នៅក្របខ័ណ្ឌ Champions League និង La Liga។

កីឡាករវ័យ ៣៤ឆ្នាំ ដែលបានឈ្នះផងដែរនូវពាន ក្នុងកម្មវិធី UEFA Nations League ជាមួយក្រុមបារាំង បានបន្តតំណែងកីឡាករ Lionel Messi ដោយកីឡាករអន្តរជាតិអាហ្សង់ទីន មិនមានភាពលេចធ្លោ នៅឆ្នាំនេះ បន្ទាប់ពីបានកាន់ពានរង្វាន់នេះជាលើកទី៧ ក្នុងឆ្នាំ២០២១

កីឡាករ Benzema បានប្រកាសថា៖ «ពានរង្វាន់ Ballon d’Or អាចជាការឈ្នះបែបបុគ្គល ប៉ុន្តែវានៅតែជារង្វាន់រួម សម្រាប់ទាំងអស់គ្នាដដែល។ នេះគឺជា Ballon d’Or របស់មនុស្សទាំងអស់។ ពិតមែនហើយ ការឈ្នះពាននេះ គឺជាអ្វី ដែលតែងតែវិលវល់នៅក្នុងចិត្តរបស់ខ្ញុំជានិច្ច»។

កីឡាករ Benzema បានរុញឱ្យ Sadio Mane ធ្លាក់ទៅចំណាត់ថ្នាក់លេខ ២ បើទោះបីជាកីឡាករឆ្នើមរបស់ក្រុម Bayern Munich និងក្រុមសេណេហ្គាល់រូបនេះ ត្រូវបានទទួលស្គាល់ពីកិច្ចការក្រៅទីលាន (ការងារសប្បុរសធម៌) ក៏ដោយ ខណៈដែលរូបគេ ត្រូវបានផ្តល់ពានរង្វាន់ថ្មី ដែលដាក់ឈ្មោះតាមអតីតស៊ុបភើស្តាររបស់ប្រេស៊ីល លោក Socrates។

ខ្សែបម្រើ Kevin De Bruyne របស់ក្រុមមេឃខៀវ Manchester City ជាប់លេខ៣ ខណៈខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុមអ្នកមានបុណ្យ Barcelona ជាប់លេខ៤។ ចំណែកខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool ទទួលបានសំឡេងឆ្នោតគាំទ្រលំដាប់ទី ៥៕