សេដ្ឋកិច្ច

អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ សម្រេចបាន ៤០% គិត​ត្រឹម​ពាក់កណ្តាល​ខែតុលា​

គិត​ត្រឹម​ពាក់កណ្តាល​ខែតុលា ឆ្នាំ ២០២២ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ សម្រេច​វឌ្ឍនភាព​បាន​ប្រមាណ ៤០% ហើយ ដោយ​គ្រោង​​នឹង​បញ្ចប់​ការសាងសង់​ដំណាក់កាល​ទី១នៅ​ឆ្នាំ ២០២៤​។​

​សេចក្ដីប្រកាស​ព័ត៌មានរបស់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោបាន​បញ្ជាក់ថាគម្រោង​កសាង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោបច្ចុ​ប្បន្ន​សម្រេចបាន៤០%ដែល​បាន​ចំណាយ​ទឹកប្រាក់​សរុប ៥២៤​លាន​ដុល្លារ​អាមេរិក ដោយ​មិន​រាប់បញ្ចូល​ថ្លៃ​ដី ដែល​វិនិយោគ​រួច​ដោយ CAIC ដែលជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា​រវាង រាជរដ្ឋាភិបាល​កម្ពុជា ដែល​តំណាង​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង ក្រុមហ៊ុន OCIC ។​

ក្រុមហ៊ុន​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​មួយ​នេះ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​ទាញយក​ប្រភព​ទុន ដើម្បី​គាំទ្រ​ដល់ ការ​អភិ​វិ​ឌ្ឍ​គម្រោង​ពី ដៃគូ​សហការ​ជា​បន្តបន្ទាប់​ដែល​ជាក់ស្តែង​កាលពី​ថ្ងៃទី​១៤ ខែតុលា​នេះ មាន ធនាគារ​ធំៗ​ចំនួន ៥ នៅ​កម្ពុជា បានសម្រេច​វិនិយោគ​សញ្ញា​បណ្ណ​នូវ ទំហំ​ទឹកប្រាក់​សរុប​ចំនួន ២៣​លាន​ដុល្លារ​អាមេរិក​ដែលជា​ការចូលរួម​គាំទ្រ​ដល់​ដំណើរការ​សាងសង់ ឱ្យ​សម្រេច​តាម​ការគ្រោងទុក​។​

ធនាគារ​ទាំង ៥ រួមមាន​៖ Cathay United Bank, First Commercial Bank, Mega International Commercial Bank, Taiwan Cooperative Bank និង Union Commercial Bank​។​ចំពោះ អត្រា​ការប្រាក់​របស់​សញ្ញា​បណ្ណ​នេះ​គឺ ៥,៥% ក្នុង​មួយឆ្នាំ ជាមួយនឹង​រយៈពេល ៣​ឆ្នាំ ហើយ​ត្រូវបាន​ធានា​ដោយ​ក្រុមហ៊ុន OCIC ។​

​គួររម្លឹកថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ធ្លាប់បាន​អំពាវនាវ​ដល់ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នានា ឱ្យជួយ​ទិញ​សញ្ញា​បណ្ណ របស់​ក្រុមហ៊ុន CAIC ដែល​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដែលជា​ការចូល​រួមកា​រ​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ថ្មី ជួយ​កាត់បន្ថយ​នូវ​ការប្រើប្រាស់​ទុន​ពី​ក្រៅប្រទេស ជាមួយ​ផលចំណេញ​ពី អត្រា​ការប្រាក់ ដោយ​ទទួលបាន​ការធានា​ផ្នែក​ហានិភ័យ​ស្មើ​សូន្យ​ពី រាជរដ្ឋាភិបាល​កម្ពុជា​៕ដោយៈសិរីមតី