កីឡា

សវនាការរបស់ Neymar ចាប់បើកដំណើរការ នៅ Barcelona មុន World Cup 

ជាមួយនឹងការប្រកួតប្រជែង នៅឯព្រឹត្តិការណ៍ World Cup នៅសល់ជិត ១ខែទៀត កីឡាករឆ្នើមសញ្ជាតិប្រេស៊ីល Neymar បានធ្វើដំណើរទៅឡើងសវនាការ នៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃចន្ទ ជុំវិញការចោទប្រកាន់ពីភាពមិនប្រក្រតី សម្រាប់ការផ្ទេរទៅក្លិប Barcelona កាលពីជិត ១ទសវត្សរ៍កន្លងទៅ។

ដោយមានពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ និងសម្លៀកបំពាក់ពណ៌ឈុតខ្មៅ កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានលើកដៃស្វាគមន៍អ្នកសារព័ត៌មាន នៅពេលដែលរូបគេ បានធ្វើដំណើរមកដល់តុលាការក្រុងបាសេឡូណា ជាមួយឪពុកម្តាយរបស់គេ ដែលត្រូវចូលរង្វង់ក្រចកសេះដូចគ្នាដែរ។

កីឡាកររូបនេះទំនងជានឹងឈរផ្ដល់ចម្លើយ នៅថ្ងៃអង្គារនេះ។ រូបគេត្រូវបានកំណត់ឱ្យធ្វើសក្ខីកម្ម នៅថ្ងៃទី២១ ឬទី២៨ ខែតុលា ប៉ុន្តែចៅក្រមបានយល់ព្រមបើកសវនាការ ដើម្បីចៀសវាង ក្នុងការប៉ះពាល់ដល់ការប្រកួតបាល់ទាត់របស់គេ។

ព្រះរាជអាជ្ញារបស់ប្រទេសអេស្ប៉ាញ កំពុងស្វះស្វែងឱ្យមានការដាក់ទោសជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ចំពោះកីឡាករ Neymar និងការបង់ប្រាក់ពិន័យចំនួន ១០លានអឺរ៉ូ (៩,៧លានដុល្លារ)។ ការជំនុំជម្រះក្ដី ដែលមានភាពល្បីល្បាញបំផុត គឺជាការបញ្ចប់រឿងអាស្រូវផ្លូវច្បាប់ ដែលមានរយៈពេលជាច្រើនឆ្នាំ ជុំវិញការផ្ទេរកីឡាកររូបនេះ ក្នុងឆ្នាំ២០១៣ ពីក្លិប Santos របស់ប្រេស៊ីល ទៅកាន់ក្លិប Barcelona។

បន្ទាប់មកគាត់បានចូលរួមជាមួយក្រុម Paris Saint-Germain ក្នុងការផ្ទេរជាកំណត់ត្រាពិភពលោក ២២២លានអឺរ៉ូ (២១៤លានដុល្លារ) ក្នុងឆ្នាំ២០១៨។

កីឡាករ Neymar ដែលបានមកដល់ក្រុង Barcelona កាលពីព្រឹកថ្ងៃចន្ទ បានចំណាយពេល ២ម៉ោង នៅតុលាការ មុនពេលគាត់ត្រូវបានចៅក្រមអនុញ្ញាតឱ្យចាកចេញ សម្រាប់ពេលវេលានៅសល់នៃសវនាការ ដែលត្រូវធ្វើពេញ ១ថ្ងៃ បន្ទាប់ពីមេធាវីរបស់គេ បានតវ៉ាថា កូនក្ដីរបស់ខ្លួន ត្រូវការសម្រាក។

កីឡាករ Neymar គឺជាម្នាក់ ក្នុងចំណោមជនជាប់ចោទចំនួន ៩នាក់ ដែលកំពុងត្រូវបានកាត់ទោសពីបទចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយ ដោយក្នុងនោះរួមមានឪពុកម្តាយ និងក្រុមហ៊ុន N&N របស់គេ ដែលគ្រប់គ្រងកិច្ចការរបស់គេទាំងអស់៕