សេដ្ឋកិច្ច

រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ប្រមាណ ២,៤៧០​គ្រឿង​ត្រូវបាន​ពិន័យ​ក្នុងរយៈពេល៩ខែ

ភ្នំពេញ៖​យោងតាម​គណៈកម្មាធិកា​រដឹក​នាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បានឱ្យដឹងថា​រយៈពេល ៩​ខែ ក្នុង​ឆ្នាំ​២០២២ រថយន្ត​ចំនួន ២ ៥៧៩ ២៦០​គ្រឿង បាន​ត្រូវ​ត្រួតពិនិត្យ ក្នុងនោះ​រថយន្ត​ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់​ក្នុង​កម្រិត​អនុគ្រោះ​មាន​ចំនួន ៨៤៤ ៥៧៨​គ្រឿង ស្មើនឹង ៣២.៧៤% នៃ​រថយន្ត​សរុប និង​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ត្រូវបាន​ពិន័យ​មាន​ចំនួន ២ ៤៧០​គ្រឿង​។​

​អង្គប្រជុំ​បូកសរុប​លទ្ធផល​ការងារ​រយៈពេល ៩​ខែ ក្នុង​ឆ្នាំ​២០២២ កាលពី​ថ្ងៃទី​១៧​ខែតុលា ក៏បាន​លើកឡើង​ពី​ការងារ​អនុវត្តបាន​ក្នុង​រយៈ​ពេល​បី​ត្រីមាស​នេះ​ដូចជា​ចុ​ផ្សព្វផ្សាយ​អំពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នានា​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នក​បើក​បរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​ជាពិសេស​ចុះ​អប់រំ​ដល់​ម្ចាស់​ដេប៉ូ​ខ្សាច់​ឱ្យចូល​រួម​គោរព​តាម​បទដ្ឋាន​ប​ច្ចក​ទេស​ស្ដីពី​ការដឹកជញ្ជូន​ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ការដឹក​លើស​ទម្ងន់​ដែល​នាំ​ឲ្យ​ខូចខាត​ផ្លូវ​ថ្នល់ជាតិ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​និង​ថែរក្សា​សោភ័ណភាព​ទីក្រុង​។​

បន្ថែម​ពីនេះ គណៈកម្មាធិការ​បានដាក់​ប្រើប្រាស់​ជញ្ជីង​ឌីណាមិច​ចំនួន៤​ស្ថានីយ​បន្ថែមនិង​ការបំពាក់​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព និង​ប្រព័ន្ធ​​ការពារ​រន្ទះ​នៅ​គ្រប់​ស្ថានីយ ដើម្បី​ត្រួតពិនិត្យ និង​តាមដាន​សកម្មភាព​ការងារ និង​ពង្រឹង​ការអនុវត្ត​ការងារ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។ ក្នុង​ទិសដៅ​ការងារ​បន្ទាប់​គណៈកម្មាធិកា​រដឹក​នាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នឹង​បន្ត​ផ្សព្វផ្សាយ​បទដ្ឋាន​គតិយុត្ត​នៃ​ការដឹកជញ្ជូន​លើស​ទម្ងន់​ជាពិសេស​ច្បាប់​ផ្លូវថ្នល់​មាត្រា​៦០ ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ និង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ទប់ស្កាត់​បញ្ហា​ដឹក​លើស​ទម្ងន់​។ ទន្ទឹមនឹងនេះ គណៈកម្មាធិការ នឹង​ពង្រឹង​ការ​គ្រប់គ្រង និង​ការអនុវត្ត​ការងារ​ដូចជា ការសាងសង​ស្ថានីយ​ថ្មី ការរុះរើ និង​ជួសជុល​ស្ថានីយ និង​ការតភ្ជាប់​បណ្តាញ​បច្ចេកវិទ្យា​ពី​គ្រប់​ស្ថានីយ​ជញ្ជីង​អចល័ត​ទាំងអស់ មក​ទីស្តីការក្រសួង​៕ដោយៈផាវី