ព័ត៌មានជាតិ

ផ្អាកមិនឱ្យសាធារណជនទូទៅ ចេញ-ចូលទៅគោរពបូជាព្រះអង្គចេក ព្រះអង្គចម ជាបណ្ដោះអាសន្ន

សៀមរាប៖ ទីសក្ការបូជាបដិមាព្រះអង្គចេក ព្រះអង្គចម ដែលនៅជាប់នឹងព្រះរាជដំណាក់ខេត្តសៀមរាប នឹងផ្អាកដំណើរការមិនឱ្យសាធារណជនទូទៅនិងភ្ញៀវទេសចរ ចូលទៅគោរពបូជាបណ្ដោះអាសន្ន មួយរយៈ ចាប់ពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០២២។

សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា ការផ្អាកដំណើរការមិនឱ្យសាធារណជនចូលទៅគោរពបូជា នៅព្រះអង្គចេក ព្រះអង្គចមនោះ គឺដើម្បីទុកពេលឱ្យក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជួសជុល បល្ល័ង្កបដិមារបស់ព្រះអង្គចេក ព្រះអង្គចម មួយចំនួនដែលរងការខូចខាត ឱ្យប្រសើរឡើងវិញ។

បើទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មិនបានបញ្ជាក់ឱ្យច្បាស់ថាតើ ត្រូវចំណាយពេលប៉ុន្មានថ្ងៃ ឬក៏ប៉ុន្មានខែ ដើម្បីឱ្យក្រុមអ្នកជំនាញធ្វើការជួសជុលនោះឡើយ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានត្រឹមតែបញ្ជាក់ថា នឹងធ្វើការជូនដំណឹងស្ដីពីការបើកឱ្យ សាធារណជនទូទៅចូលទៅគោរពបូជាឡើងវិញ នៅពេលណាដែលក្រុមអ្នកជំនាញ បានជួសជុលរួចរាល់។

ព្រះអង្គចេក ព្រះអង្គចមនៅខេត្តសៀមរាប ត្រូវប្រជាពលរដ្ឋជាច្រើន ដែលបានធ្វើដំណើរមកកម្សាន្ត នៅខេត្តនេះ តែងចូលទៅបន់ស្រន់សុំសេចក្តីសុខរួចហើយទើបធ្វើដំណើរកម្សាន្តទៅ តាមចំណូលចិត្តរបស់ខ្លួន ដោយគេជឿថាបារមីរបស់ព្រះអង្គចេកព្រះអង្គចមគឺល្បីសុសសាយ ជាយូរណាស់មកហើយ។

ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មានជំនឿទៅលើ ព្រះអង្គចេកព្រះអង្គចមថា ពិតជាមានបារមីស័ក្តិសិទ្ធិ និង ជួយថែរក្សាពួកគេ ព្រមទាំងកូនចៅ ឲ្យចៀសផុតពីជំងឺផេ្សងៗនិងមានសេចក្តីសុខ៕