កីឡា

Salah មិន​បោះបង់​ការប្រជែងពាន ក្រោយ Liverpool ឈ្នះ Man City

ខ្សែប្រយុទ្ធ Mohamed Salah បាននិយាយថា ក្រុម Liverpool នឹងមិនបោះបង់ការប្រជែង​ពាន នៅក្របខ័ណ្ឌ Premier League នោះទេ បន្ទាប់ពីកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ ស៊ុតបញ្ចូលទី​ក្នុងជ័យជម្នះ ១-០ ដែលជា​លទ្ធផល​​ធ្វើឱ្យក្រុម​មេឃខៀវ Manchester City រងបរាជ័យជាលើកដំបូង ក្នុងរដូវកាលនេះ កាលពីថ្ងៃអាទិត្យ។

ក្រុមហង្សក្រហម នៅ​តែមាន​គម្លាត ១០​ពិន្ទុតាមពីក្រោយក្រុម Man City និង ១៤​ពិន្ទុពីក្រោយ​ក្រុមកំពូលតារាង Arsenal ប៉ុន្តែបានចាប់ផ្តើមរដូវកាលរបស់ពួកគេឡើង​វិញជាមួយនឹងជ័យជម្នះក្នុងលីគ​ជា​លើក​ទី ៣ នារដូវកាល​នេះ។

កីឡាករ Salah បាន​និយាយ​ថា៖ «ខ្ញុំ​ផ្ទាល់ខ្លួន តែ​ង​តែ​​ចូល​ចិត្ត​លេង​ ​ដើម្បី​ឈ្នះ​ពានរង្វាន់។ នៅក្នុងគំនិត​របស់ខ្ញុំ ខ្ញុំនឹងតស៊ូដើម្បីវា ប៉ុន្តែយើងត្រូវផ្តោតអារម្មណ៍បន្ថែមទៀត ហើយយកការ​លេង​ក្នុង​ហ្គេម​មួយ ទៅ​បន្ត​ហ្គេម​មួយ​ទៀត​»។

គ្រូបង្វឹក​របស់​ក្រុម​ម្ចាស់​ផ្ទះ លោក Jurgen Klopp ត្រូវបាន​ពិន័យ​កាត​ក្រហម ក្នុងដំណាក់កាលចុង​ក្រោយ​នៃ​ការ​ប្រកួត​នេះ ខណៈដែលគាត់បានចាញ់​ការ​តវ៉ា​ជាមួយមន្ត្រីទីលាន ចំពោះ​ការ​មិន​ផ្ដល់​ការទាត់​ហ្វ្រីឃិក ពេល​កីឡាករ Salah ត្រូវ​បាន​គេ​ប្រព្រឹត្តកំហុស​លើ។

ប៉ុន្តែក្រុម​ភ្ញៀវ Man City ក៏មានការខឹងសម្បានឹង​អាជ្ញាកណ្តាល លោក Anthony Taylor បន្ទាប់ពីគាត់មិនអនុញ្ញាតឱ្យគ្រាប់​បាល់​របស់ Phil Foden ទុក​ជាបាន​ការ នៅដើមវគ្គទី ២ ក្រោយ​មាន​ការពិនិត្យ VAR (វីដេអូជំនួយការ​អាជ្ញាកណ្ដាល) ឡើង​វិញ។

«នេះគឺទឹក​ដី Anfield។»។ នេះ​ជា​សម្ដី​របស់គ្រូបង្វឹក​ក្រុម Man City លោក Pep Guardiola ដែល​ត្រូវ​បាន​គប់​ដោយ​កាក់ចេញពី​កន្លែង​អ្នក​គាំទ្រ ក្រោយ​តវ៉ា​ ពេល​ចប់​ការប្រកួត ដោយសារមិន​ទទួល​បាន​គ្រាប់​បាល់​នោះ។លោក Guardiola បាន​បន្ថែម​ថា​៖ «អាជ្ញាកណ្តាលបាននិយាយជាមួយជំនួយការរបស់ខ្ញុំ និងលោក Jurgen (Klopp) នៅមុនការប្រកួត ហើយនិយាយថា ថ្ងៃនេះខ្ញុំនឹងមិនបង្កើតកំហុសស្រាល​ៗទេ ហើយការប្រកួតគឺ​បន្ត​លេង បន្តលេង លើកលែងតែគ្រាប់បាល់ដែលយើងស៊ុតបញ្ចូលទីប៉ុណ្ណោះ»។

សម្រាប់សមិទ្ធផលជោគជ័យ​ទាំងអស់របស់ពួកគេក្រោមការដឹកនាំរបស់លោក Guardiola ក្រុម Man City នៅតែគ្រប​ដណ្ដប់​លើ​ក្រុម​ម្ចាស់ទឹកដី Anfield ចំពោះមុខអ្នក​ទស្សនា ខណៈកំណត់ត្រាមិនចាញ់ក្នុងទឹកដីជាកំណត់​ត្រាដ៏មានមោទនភាពរបស់ក្រុម Liverpool ដែល​មានអ្នកគាំទ្រចូលរួម ​តាំងពីឆ្នាំ២០១៧ ​បន្ត​ទៅ​មុខ​ទៀត៕