សេដ្ឋកិច្ច

ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ មាន​ចំនួន​១២,៥​ម៉ឺន​នាក់ នៅ​ចុង​សប្តាហ៍​

ភ្នំពេញៈ នៅ​សប្ដាហ៍​ទី​២​នៃ​តុលា​នេះ​គឺ​នៅ​ថ្ងៃទី​១៦​និង​១៧​ខែតុលា ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​រហូតដល់​ជាង​១២​ម៉ឺន​៥​ពាន់​នាក់ ដែល​ច្រើនជាង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ រយៈពេល​៣​ថ្ងៃ​ទៅទៀត ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។​

​លោក​តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា ចាប់តាំងពី​ផ្លូវ​ល្បឿន​លឿន បើក​ដំណើរការ​មក​ឃើញថា​ពលរដ្ឋ​មកលេង​ខេត្ត​ព្រះសីហនុ កាន់​តែមាន​ចំនួន​ច្រើនឡើងពីមួយ​សប្ដាហ៍​ទៅមួយ​សប្ដាហ៍ដោយ​ក្នុងនោះ​មាន​អ្នក​នៅ​ភ្នំពេញអ្នក​មកពី​បណ្ដា​ខេត្ត​នានា​ដែល​ចង់​សាកល្បង បើកបរ​លើផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​កម្ពុជា ។​

​លោក​បន្តថា “​អ្នកខ្លះ​គាត់​ក៏​បានមក​សម្រាក​មួយ​យប់ ខ្លះទៀត​គាត់​ត្រលប់​ទៅ ផ្ទះ​វិញ​នៅ​ភ្នំពេញ ឬ​នៅ​បណ្ដា​ខេត្ត​ជាប់​នឹង​ភ្នំពេញ ពីព្រោះថា​ការធ្វើដំណើរ​ពី​ភ្នំពេញ មក​កំពង់សោម​ត្រឹមតែ​២​ម៉ោង​ប៉ុណ្ណោះ ដូច្នេះ​គាត់​អាច​មកលេង​មួយថ្ងៃ ហើយ​អាច​ត្រលប់​ទៅវិញ​ក៏បាន​”​។​

​លោក​បន្ថែមថា នៅពេល​មាន​ភ្ញៀវ​មកលេង​កម្សាន្ត​ច្រើន​បែបនេះ​អាជីវករ​នៅតាម​តំបន់​រមណីយដ្ឋាន ជាពិសេស​នៅ​មាត់​ឆ្នេរ​ក៏​ចាប់ផ្ដើម​ទទួលបាន​ចំណូល​កើន​ឡើងវិញ​ផងដែរ ដែលជា​កត្តា​ល្អ​មួយ​សម្រាប់​សេដ្ឋកិច្ច​រប​ស់​ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ៕ដោយ៖សិរីមតី