សេដ្ឋកិច្ច

គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៨ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា នៅកោះ​បាលី

​ភ្នំពេញ​៖​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក ជញ្ជូន​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​អញ្ជើញ​ចូល រួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៨ និង កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​នៅ​កោះ​បាលី សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​នា​ថ្ងៃទី​១៦-១៧ ខែតុលា ឆ្នាំ​២០២២ ។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ដឹកជញ្ជូន កូ​ឡា​ឡុំ​ពូរ ២០១៦-២០២៥ (Kuala Lumpur Transport Strategic Plan 2016-2025, KLTSP-2025) ,​កំណត់​ទិសដៅ និង​ផែនការ​សកម្មភាព​សម្រាប់​ការអនុវត្ត​ផែនការ KLTSP- 2025 នៅក្នុង​ឆ្នាំ​២០២៣ និង​ពិនិត្យ​សម្រេច​លើ​របាយការណ៍​នៃ​កិច្ចប្រជុំ​ឧ​ត្ត​ម មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​៥៤ ដែល​ទើប​បញ្ចប់ ថ្មីៗ​។​

​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៨​នេះបាន​ពិភាក្សា​លើ​ចំណុចខ្លាំងចំណុចខ្សោយ បញ្ហា​ប្រឈម​និង​ដំណោះ ស្រាយ​នៅ​គ្រប់​វិស័យ​ដឹកជញ្ជូន​ទាំងអស់​រួមមាន​៖ (១) ការដឹកជញ្ជូន​ផ្លូវ អាកាស (២)​ការដឹកជញ្ជូន​ផ្លូវទឹក និង​ផ្លូវ​សមុទ្រ (៣)​ការដឹក ជញ្ជូន​ផ្លូវគោក (៤) ការសម្របសម្រួល​ការ ដឹកជញ្ជូន និង (៥) ការដឹកជញ្ជូន​ប្រកបដោយ​និរន្តរភាព​។


​ជាមួយគ្នា​នោះ អង្គប្រជុំ​ក៏​នឹង​ត្រៀម​ពិភាក្សា​ផងដែរ​លើ​ការងារ​ដែល​ត្រូវអនុវត្ត​បន្ត ជាពិសេស​កិច្ច​សហ ប្រតិបត្តិការ​ជាមួយ​ដៃគូ​សន្ទនា​នានា​ដូចជា​៖ ជប៉ុន ចិន កូរ៉េ សហគមន៍​អ៊ឺរ៉ុប​ជាដើម ក្នុង​គោល បំណង ស្វែងរក​ប្រភព​ថវិកា និង​ជំនួយ​បច្ចេកទេស​ដើម្បី​ភាពជោគជ័យ​ក្នុង​ភារកិច្ច​អនុវត្ត KLTSP-2025​។​

​គួរ​កត់សម្គាល់ថា​៖ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៨​នេះ រដ្ឋមន្ត្រី​ដឹកជញ្ជូន អាស៊ាន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ពីរ​គឺ​៖ (១) កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​កិច្ចសហប្រតិបត្តិការ​រុករក និង​សង្គ្រោះ​តាមផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ (The ASEAN Agreement on Aeronautical and Maritime Search and Rescue Cooperation, SAR) និង (២)​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​រវាង​រដ្ឋាភិបាល​នៃ​រដ្ឋ​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង សហភាព​អ៊ឺរ៉ុប និង​រដ្ឋ​សមាជិក​របស់ខ្លួន​(The ASEAN-EU Comprehensive Air Transport Agreement, AE CATA)៕​ដោយៈសិរីមតី