កីឡា

ក្រុម​មិន​​ចាញ់សោះ Madrid យក​ឈ្នះ Barca ហើយ​ឡើង​ទីកំពូល​តារាង La Liga

ក្រុមម្ចាស់ជើងឯកចាស់ Real Madrid បានយកឈ្នះក្រុម Barcelona ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតនៃ​ជំនួប El Clasico ដើម្បី​ឡើង​ទៅ​​ពី​លើ​ក្រុម​គូប្រជែងស្លាប់​រស់របស់ពួកគេ នៅទី​កំពូលតារាងនៃ​ក្របខ័ណ្ឌ La Liga កាលពីថ្ងៃអាទិត្យ។

ខ្សែប្រយុទ្ធ Karim Benzema ជា​អ្នក​ស៊ុតគ្រាប់​បាល់​បើក​ឆាក នៅនាទីទី១២ ហើយ​បន្ទាប់មក​កីឡាករ Fede Valverde បន្ថែម​ការ​នាំ​មុខ ២-០ មុន​ចប់​វគ្គ​ទី ១។ កីឡាករ Ferran Torres ជួយ​ឱ្យ​ក្រុមអ្នក​មាន​បុណ្យ Barca តាម​ត្រឹម ១គ្រាប់​វិញ នៅ​ប៉ុន្មាននាទី​ចុង​ក្រោយនៃហ្គេម​នេះ ប៉ុន្តែ គ្រាប់​បាល់​ពីការ​ទាត់​ប៉េណាល់​ទីរបស់កីឡាករ Rodrygo នៅ​នាទីទី៩០+១ បាន​ធានាថា ក្រុមរបស់លោក Carlo Ancelotti បានភាព​បរាជ័យ​ក្នុង​ស្រុក​លើក​ដំបូង​ឱ្យ​ក្រុម​ Barca នារដូវកាលនេះ។

ក្រុម Madrid បានបញ្ចប់ការឈ្នះ ៧លើកបន្តបន្ទាប់​របស់ក្រុមយក្ស​ទៅ​ពី​តំបន់កាតាឡាន់ ក្នុងលីគ ហើយបានបន្ថែមការឈឺចាប់ដដែលទៀតដល់​ការប្រឹង​ប្រែង​តស៊ូរបស់ពួកគេ ក្នុងការប្រកួតនៅ​អឺរ៉ុប ដែលពួកគេកៀក​នឹង​ការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League។

ក្រុម Barca ដែលបានចំណាយប្រាក់​យ៉ាងច្រើន ក្នុងការ​ពង្រឹងក្រុម នារដូវក្តៅ ដើម្បីព្យាយាមតាមឱ្យ​ទាន់គូប្រជែងរបស់ខ្លួន ឥឡូវនេះតាមពីក្រោយ ៣ពិន្ទុ។ ក្រុមរបស់​លោក Xavi បានរបូតគ្រាប់បាល់តែ ១គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម​ការ​ប្រកួត នៅលីក ៨លើក​ នៅ​មុនជំនួប​ Clasico នេះ ប៉ុន្តែបាន​ភ្លាត់​របូត​ ២គ្រាប់​ នៅវគ្គទី ១ ដែល​ជា​ការ​ទុក​ផ្លូវ​ឱ្យ Madrid ជាក្រុមមិនចាញ់សោះ​តែមួយគត់របស់លីគ​កំពូល​អេស្ប៉ាញ៕