កីឡា

James នឹងខកខានចូលរួម World Cup ដោយសាររងរបួស ៨សប្ដាហ៍

កីឡាករ Reece James នឹងខកខាន ក្នុងយុទ្ធនាការ នៅឯព្រឹត្តិការណ៍ World Cup របស់ក្រុមជម្រើសជាតិអង់គ្លេស នាប្រទេសកាតា បន្ទាប់ពីក្លិប Chelsea បានបញ្ជាក់ថា ខ្សែការពាររូបនេះនឹងអវត្តមានពីទីលានរយៈពេល ៨សប្តាហ៍។

កីឡាករ James ត្រូវបានបង្ខំដូរចេញពីការប្រកួត នៅក្របខ័ណ្ឌ Champions League នាពាក់កណ្តាលសប្តាហ៍ ដែលក្រុម Chelsea ឈ្នះក្រុម Milan នៅឯកីឡដ្ឋាន San Siro ដោយសាររបួសជង្គង់ ហើយឥឡូវនេះក្រុមតោខៀវបានបញ្ជាក់ថា រូបគេនឹងឆ្លងកាត់កម្មវិធីស្តាររាងកាយឡើងវិញ ដែលនឹងធ្វើឱ្យរូបគេអវត្តមានរយៈពេល ២ខែ។

សេចក្តីថ្លែងការណ៍ នៅលើគេហទំព័រផ្លូវការរបស់ក្លិប បានឱ្យដឹងថា៖ «បន្ទាប់ពីរបួសជង្គង់ដែលកើតមាន ក្នុងការប្រកួតក្រៅទឹកដីរបស់យើងទល់នឹងក្រុម Milan កីឡាករ Reece បានទទួលការព្យាបាលពីខាងក្រុមវេជ្ជសាស្ត្ររបស់ក្លិប Chelsea និងបានទៅជួបអ្នកឯកទេស នៅចុងសប្តាហ៍នេះ»។

«បន្ទាប់ពីការពិគ្រោះយោបល់ រវាងភាគីទាំងអស់ ឥឡូវនេះ កីឡាករ Reece (James) នឹងដំណើរការកម្មវិធីស្តារនីតិសម្បទាឡើងវិញ ហើយត្រូវបានរំពឹងថា នឹងអវត្តមានរយៈពេល ៨សប្តាហ៍»។ សេចក្ដីថ្លែងការណ៍ឱ្យដឹងបន្ថែម។

ដំណឹងនេះនឹងក្លាយជាផលប៉ះពាល់ដ៏ធំដល់អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate ជាពិសេសនោះ ខ្សែការពារស្លាបស្ដាំផ្សេងទៀត Trent Alexander-Arnold និង Kyle Walker ក៏មានរបួសដូចគ្នាផងដែរ។

សម្រាប់ក្រុមតោកំណាចអង់គ្លេស ពួកគេនឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន នៅ World Cup 2022 ទល់នឹងអ៊ីរ៉ង់ នៅថ្ងៃទី២២ ខែវិច្ឆិកា៕