កីឡា

Ten Hag និយាយ​ថា យើង​កំពុង​សន្សំ​គ្រាប់​បាល់ សម្រាប់​សប្ដាហ៍បន្ទាប់

គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United លោក Erik ten Hag សង្ឃឹមថា កីឡាកររបស់គាត់ កំពុង​សន្សំ​គ្រាប់បាល់សម្រាប់សប្តាហ៍ក្រោយៗ​ទៀត បន្ទាប់ពីការបង្ហាញនូវ​ទម្រង់​លេង​ដ៏គួរឱ្យខកចិត្ត អំឡុងជ័យ​ជម្នះ ១-០ លើក្រុម Omonia Nicosia នៅក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍។

កីឡាករ Scott McTominay អាច​ទម្លុះសំណាញ់​ទី​បាន​ពី​ការ​ស៊ុត​លើក​ទី៣៤ របស់​ក្រុម Man United នៅនាទីទី៣ ក្នុង​ម៉ោងបន្ថែម​បង្គ្រប់​មាន​របួស ដើម្បី​បានក្លាយជាកីឡាករបម្រុងដំបូងគេបង្អស់ ដែលរកបានគ្រាប់បាល់ជ័យជម្នះ​ ក្រោយនាទី​៩០ ក្នុងការប្រកួត នៅទ្វីបអឺរ៉ុប សម្រាប់ក្រុមបិសាចក្រហម ចាប់តាំងពីគ្រាប់​បាល់និមិត្តរូប​របស់លោក Ole Gunnar Solskjaer ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅក្របខ័ណ្ឌ​ Champions League ឆ្នាំ១៩៩៩។

គ្រាប់​បាល់​នេះ កើត​ឡើង​តាមមកដោយ​ទម្រង់​លេង​ដ៏ខ្ជះខ្ជាយរបស់​កីឡាករ ក្នុង​ក្រុម ជាពិសេស​ខ្សែប្រយុទ្ធ Marcus Rashford ដែលមិន​អាច​បំប៉ោង​សំណាញ់​ទី​បាន ជាមួយ​នឹង​ការ​ស៊ុត​យ៉ាង​ច្រើន​រហូត​ដល់​ទៅ​ ១០លើក​។

តែ​យ៉ាង​ណា​ក្ដី លោក Ten Hag មិន​ខ្វល់ខ្វាយ​ខ្លាំង​ពេកនោះទេ ​ចំពោះ​ភាព​ខ្ចីខ្ជា​​របស់ក្រុម Man United ហើយ​រំពឹង​ថា ​ក្រុម​របស់​គាត់​នឹង​ចាប់​ផ្តើម​ស៊ុត​បញ្ចូល​ទី​បានយ៉ាង​​ទៀងទាត់​វិញ ​ឆាប់ៗ​នេះ ហើយ​នៅពេលត្រូ​វបាន​សួរថា តើការឈ្នះ គឺជារឿងសំខាន់ ឬអត់ លោកបានឆ្លើយ​ប្រាប់​ទូរទស្សន៍ BT Sport ថា៖ «ទេ! វាមិនមែនទេ ព្រោះបាល់ទាត់ គឺនិយាយអំពីការស៊ុតបាល់បញ្ចូលទី»។

«យើងបានបង្កើតឱកាសយ៉ាង​ច្រើន ប៉ុន្តែយើងទម្លុះ​សំណាញ់ទី​បាន​តែ​ម្ដង​ប៉ុណ្ណោះ។ ក្រុមមាន​ភាព​អត់ធ្មត់ ពួកគេបន្តបង្កើតឱកាស ហើយបន្ទាប់មកពួកគេបានស៊ុតបញ្ចូលទី។ ខ្ញុំ​គ្មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទេ​ ព្រោះ​នៅ​គ្រប់​ការ​ប្រកួត​ ​យើង​រក​គ្រាប់​បាល់​បាន។​ ខ្ញុំ​មាន​ជំនឿ​ថា​ យើង​នឹង​បន្ត​ធ្វើ​បាន​​ទៀត​»។​ សង្ឃឹម​ថា ​យើង​កំពុង​សន្សំ​គ្រាប់​បាល់​សម្រាប់​សប្តាហ៍​បន្ទាប់»។ គ្រូ​បង្វឹក​សញ្ជាតិហូឡង់ បាន​បន្ថែម។

គ្រាប់បាល់របស់កីឡាករ McTominay គឺជាគ្រាប់បាល់ដំបូងរបស់រូប​គេ នៅអឺរ៉ុប សម្រាប់ United ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ពេល​លេង​ទល់នឹង Club Brugge ហើយកីឡាករអន្តរជាតិ​ស្កុតឡេនពេញចិត្តនឹងភាព​អត់ធ្មត់របស់មិត្តរួមក្រុម ក្នុង​ការ​តទល់​នឹង​ក្រុមគូប្រជែងដ៏​រឹង​ត្អឹង​បែប​នេះ៕