កីឡា

Liverpool បង្កើត​ភាព​ជាគូប្រជែង​ជាមួយ Man City វិញ ក្រោយចាប់​ផ្ដើម​មិន​ល្អ​​

ការប៉ះគ្នារបស់ក្រុម​ Liverpool ជាមួយក្រុម​មេឃខៀវ Manchester City ក្លាយជាម៉ូដែល (គំរូ) ​ដ៏ទំនើបរបស់ក្របខ័ណ្ឌ Premier League ក្នុងយុគសម័យរបស់លោក Jurgen Klopp និងលោក Pep Guardiola ប៉ុន្តែការប្រកួត នៅ​ថ្ងៃអាទិត្យ ក្នុងកីឡដ្ឋាន Anfield នេះ អាចបញ្ចប់ពេល​វេលានៃ​មហិច្ឆតា​​ ក្នុង​ការ​ប្រជែង​ពាន​របស់ក្រុមហង្សក្រហមរួចទៅហើយ។

ក្លិបទាំង២ បានចែករំលែកភាពលេចធ្លោនៃការ​ប្រកួត​បាល់ទាត់ នៅ​អង់គ្លេស ក្នុងរយៈពេល ៥​ឆ្នាំចុងក្រោយនេះ ដោយក្រុម Man City ដណ្តើមជើងឯកពី​ក្រុម Liverpool យ៉ាងប្រផិតប្រផើយចំនួន ២លើក ជាមួយ​នឹង​ការមាន​គម្លាត​តែ ១ពិន្ទុ ដែល​កើត​ឡើងក្នុងឆ្នាំ ២០១៨-២០១៩ និងរដូវកាលមុន។

ប៉ុន្តែ​ជ័យ​ជម្នះ​តែ ២លើក​ពី​ការ​ប្រកួត​បើក​ឆាក ៨ដង​របស់​ពួកគេ នៅ​ Premier League ​បាននាំ​ឱ្យក្រុម Liverpool មានគម្លាត​ដល់​ទៅ ១៤ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Arsenal និង ១៣ពិន្ទុ​ពី​ក្រុម​លេខ ២ Man City។ ផ្ទុយទៅវិញ ក្រុមការពារតំណែងជើងឯក Man City កំពុងរកគ្រាប់បាល់​ជាមធ្យមជិត ៤គ្រាប់ ក្នុង ១ហ្គេម ខណៈដែលការមកដល់របស់ខ្សែប្រយុទ្ធ Erling Haaland បាននាំឱ្យក្រុមអ្នកឈ្នះដ៏​ពេញ​ដោយ​ពិសោធន៍ឡើង​ទៅ​កម្រិតថ្មីមួយទៀត។

លោក Guardiola អាចលៃលកយ៉ាង​ស្រួល ក្នុង​ការ​ទុក​ឱ្យ​កីឡាករ Haaland សម្រាក សម្រាប់​ការ​ប្រកួត ដែលបាន​ស្មើ ០-០ នៅ​ឯ​ផ្ទះ​របស់​ក្រុម Copenhagen កាលពីយប់ថ្ងៃអង្គារ ដោយ​លទ្ធផល​ត្រឹម ១ពិន្ទុ​នេះ គ្រប់​គ្រាន់​ឱ្យ​ក្រុម Man City ធ្វើ​ដំណើរ​ទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាមួយនឹងការប្រកួតនៅសល់ ២លើក​ទៀត។

កីឡាករសញ្ជាតិន័រវែសរូបនេះ ស៊ុតបាល់បញ្ចូលទីបាន​ដល់​ទៅ ២០គ្រាប់ ក្នុងចំណោម​ ១២ហ្គេមប៉ុណ្ណោះ គិត​ចាប់តាំងពីក្រុម Liverpool បានបើករដូវកាលជាមួយនឹងជ័យជម្នះ ៣-១ លើក្រុម Man City ក្នុងកម្មវិធីប្រកួត​ Community Shield។

ក្រុម​របស់លោក Guardiola មិនទាន់​បរាជ័យសោះ ក្នុងចំណោមការប្រកួត​ ១៣ដង គិត​ចាប់តាំងពីកីឡាករ Haaland មិន​អាច​រកគ្រាប់​បាល់​បានតែ​ ១លើកប៉ុណ្ណោះ ក្នុងអាជីពរយៈ​ពេល​ខ្លី​របស់​ខ្លួន នៅ Premier League។ ប៉ុន្តែក្រុម Man City ឈ្នះបានតែម្តងគត់ នៅទឹកដី​ Anfield រាប់​តាំងពីឆ្នាំ២០០៣ មក ហើយហ្គេម​នោះ គឺធ្វើ​ឡើងនៅពីមុខកីឡដ្ឋានទទេស្អាត (គ្មាន​អ្នក​គាំទ្រ) ក្នុងខែកុម្ភៈ ឆ្នាំ២០២១។

នៅ​មុន​ការ​ប្រកួត​ដ៏ធំ​នេះ​ កើតឡើង កីឡាករ Kevin De Bruyne របស់​ក្រុម​មេឃខៀវ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Sky Sports ថា៖ «ខ្ញុំរំពឹងថា ពួកគេនឹងអាច​ក្លាយជាក្រុម Liverpool ដ៏ល្អបំផុត​។ ច្បាស់ណាស់ ពួកគេបានបាត់បង់ពិន្ទុខ្លះ តែពួកគេនៅតែជាក្រុម Liverpool ហើយខ្ញុំរំពឹងថាពួកគេ​នឹងល្អប្រសើរ​ឡើង​ជាមិន​ខាន​»។

សម្រាប់ Liverpool យ៉ាងហោចណាស់ក៏​មានការធូរស្រាល​ខ្លះៗ បន្ទាប់​ពី​បាន​បំបាក់ក្រុម Rangers ៧-១ ក្នុងការ​ប្រកួត នៅ Champions League កាលពីយប់​ថ្ងៃពុធ ខណៈដែលខ្សែប្រយុទ្ធ Mohamed Salah បានងើប​ចេញពីកៅអីកីឡាករបម្រុង ហើយ​ទៅ​សម្រេច​បាន​ហ៊ែតទ្រិក​ (ស៊ុតបាន ៣គ្រាប់) លឿនបំផុត ក្នុងប្រវត្តិសាស្ត្រនៃការប្រកួតប្រជែង​របស់​អឺរ៉ុប​នេះ៕