ព័ត៌មានជាតិ

តើបុណ្យកឋិនមាននៅក្នុងសង្គមខ្មែរតាំងពីពេលណាមក?

ក្នុងគម្ពីរព្រះពុទ្ធសាសនាបានឱ្យដឹងថាបុណ្យកឋិនគឺជាទានរបស់ពុទ្ធបរិស័ទទាំងឡាយ ដែលធ្វើចំពោះព្រះភិក្ខុសង្ឃ ដោយប្រគេនជាស្បង់ ចីវរឬក៏សង្ឃដី ដោយព្រះវិន័យបានកំណត់ កាលនៃការធ្វើទាននោះយ៉ាងច្បាស់លាស់ត្រឹមរយៈពេលតែ២៩ថ្ងៃប៉ុណ្ណោះ ក្នុង១ឆ្នាំ។ បើហួសពេលកំណត់ដូចមានចែងនេះ មិនមែនហៅថាជាកឋិនទានឡើយ។

ប្រទេសកម្ពុជា ការប្រារព្ធធ្វើបុណ្យកឋិនទាន គឺចាប់ផ្ដើមឡើងពីថ្ងៃ១រោជខែអស្សុជ រហូតដល់ថ្ងៃពេញបូរមីខែកក្តឹក តាមដំណើរច័ន្ទគតិ បន្ទាប់ពីព្រះសង្ឃបានបញ្ចប់ការ គង់ចាំព្រះវស្សារយៈពេល៣ខែរួចមក ជារៀងរាល់ឆ្នាំ។

ព្រះភិក្ខុសុមង្គលសីលាចារ្យអាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប មានថេរដីកាថា៖ ការធ្វើបុណ្យកឋិនទាន គឺបានអានិសង្ឃច្រើនណាស់ ទាំងបរិស័ទដែលជាអ្នកធ្វើ និងទាំងព្រះភិក្ខុដែលជាអ្នកទទួល។

ព្រះអង្គបញ្ជាក់ថា៖ នៅក្នុងគម្ពីរព្រះពុទ្ធសាសនាបានសំដែងថា បរិស័ទណា ដែលបានធ្វើបុណ្យ កឋិនទាន តែងទទួលបានអានិសង្ឃ៥យ៉ាង គឺទី១រមែងរួចចាកផុតពីទុក្ខទោសទាំងឡាយ ទាំងនៅឋានមនុស្សនិងឋានទេវលោក, ទី២អ្នកដែលបានធ្វើកឋិនដោយយកស្បង់ចីវរ ទៅប្រគេនដល់ភិក្ខុសង្ឃរួចហើយ បើទោះជាមានបាបកម្មក្តី ក៏នៅពេលស្លាប់ទៅមិនអាចទៅ កើតជាពពួកអបាយភូមិ មានប្រេត នរក អាសូរកាយនិងតិរិច្ឆានឡើយ, ទី៣អ្នកដែលបានធ្វើបុណ្យកឋិន នៅពេលដែលលាចាកពីលោកនេះទៅនឹងបានទៅសោយសម្បត្តិទិព្វ សម្បត្តិសួគ៌ នៅឋានទេវលោក ,ទី៤អ្នកធ្វើកឋិនបន្ទាប់ពីអស់បុណ្យពីឋានទេវលោក នឹងមកកើតជាស្ដេចចក្រឬក៏ត្រកូល ព្រាហ្មជាដើមនៅផែនដីវិញនិង អនិសង្ឃទី៥គឺអ្នក ធ្វើបុណ្យកឋិននឹងបានទៅជាឥហិភិក្ខុ ដ៏ប្រសើរនៅក្នុងជាតិណាមួយ ក្នុងអនាគតជាតិ។

ចំពោះព្រះភិក្ខុ ដែលបានទទួលកឋិនទានពីបរិស័ទវិញ ក៏បានអានិសង្ឃជួយសង្គ្រោះ ជួយសម្រាលឱ្យរួចផុតពីទុក្ខទោស កំហុស ដែលធ្លាប់មានផងដែរ។

ព្រះមេគណខេត្តសៀមរាប ភិក្ខុសុមង្គលសីលាចារ្យអាភាករោ ជុំ គឹមឡេង បានពន្យល់ទៀតថា បុណ្យកឋិនទាន គឺមានលក្ឋណៈពិសេស ខុសពីបុណ្យដទៃទៀត ដោយសារមានកាលកំណត់ច្បាស់ លាស់ចំពោះពេលវេលាដែលត្រូវធ្វើមិនដូចបុណ្យដទៃទៀតចង់ធ្វើពេលណាក៏បាននោះទេ។

បុព្វហេតុនៃការធ្វើបុណ្យកឋិនទាន គឺកើតមានជារយូរលង់មកហើយ តាំងតែពីសម័យដែល ព្រះពុទ្ធសាមណគោត្តមព្រះអង្គគង់នៅព្រះជន្មម៉្លេះ។ នៅក្នុងសម័យកាលនោះ មានព្រះភិក្ខុចំនួន៣០អង្គ ដែលនិមន្តធ្វើធុតង្គក្នុងព្រៃ។ក្នុងថ្ងៃមួយនៅពេលជិតឈានចូលព្រះវស្សា ក៏បបួលគ្នាទៅគាល់បំរើ ព្រះពុទ្ធ ដែលកំពុងគង់នៅក្នុងវត្តជេតពន នៃក្រុងសាវត្ថី ក៏ប៉ុន្តែដោយសារតែផ្លូវឆ្ងាយពេក ព្រះភិក្ខុទាំង៣០អង្គ ស្រូតរូតដំណើរទៅមិនទាន់ គាប់ជួនជាដល់ថ្ងៃចូលព្រះវស្សា ក៏នាំគ្នាគង់ចាំព្រះវស្សានៅពាក់កណ្ដាលផ្លូវតែម្ដង។លុះដល់កាលវេលាចេញព្រះវស្សា ព្រះភិក្ខុទាំង៣០អង្គក៏នាំគ្នាបន្ដដំណើរទៅជួបព្រះពុទ្ធ ។ព្រះពុទ្ធបរមគ្រូ ព្រះអង្គបានទតឃើញស្បង់ចីវរ របស់ព្រះភិក្ខុទាំងអស់នោះ គឺទទឹកជោគដោយទឹកភ្លៀង ក៏ព្រះអង្គប្រជុំជាមួយសាវ័ក របស់ព្រះអង្គទាំងអស់ ដោយអនុញ្ញាត ឱ្យបរិស័ទ អាចធ្វើបុណ្យកឋិនទាន ដើម្បីប្រគេន ស្បង់ ចីវរឬក៏សង្ឃដីចំពោះព្រះភិក្ខុ ចាប់ពីពេលនោះតមក។

នៅក្នុងប្រទេសកម្ពុជាថ្វីត្បិត តែពុំមានឯកសារណាមួយបញ្ជាក់ឱ្យច្បាស់លាស់ ថាតើការប្រារព្ធធ្វើ បុណ្យកឋិនទាននៅក្នុងសង្គមខ្មែរ បានកើតមានតាំងពីពេលណាក៏ដោយ ក៏អ្នកស្រាវជ្រាវខ្លះបាន សន្និដ្ឋានថា ការប្រារព្ធបុណ្យដោយធ្វើទានចំពោះភិក្ខុសង្ឃនៃព្រះពុទ្ធសាសនានេះ បានកើតឡើង តាំងតែពីអតីតព្រះមហាក្សត្រខ្មែរ បាននាំយកសាសនាព្រះពុទ្ធ មកគោរពប្រតិបត្តិមកម៉្លេះ។

អ្នកបុរាណវិទូរនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាលនិងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានស្រាវជ្រាវឃើញថា អតីតព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបាននាំយកគម្ពីរ Kanradan Vyuha ពីតំបន់កាស្មៀនៃប្រទេសឥណ្ឌា ដែលជាគម្ពីរ ព្រះពុទ្ធសាសនាមហាយាន គោរពបូជាទៅលើលោកិតេសូរ មកប្រតិបត្តិ តាំងពីអំឡុង ចុងសតវត្សទី១២និងដើមសតវត្សទី១៣នៃគ្រីស្តសករាជ។

តាមការស្រាវជ្រាវនេះ អាចឱ្យសន្និដ្ឋានបានថា ការប្រារព្ធធ្វើបុណ្យកឋិនទានចំពោះព្រះភិក្ខុសង្ឃ នៃព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរ ប្រហែលជាអាចកើតមានតាំងពីពេលនោះមក៕