កីឡា

Salah ស៊ុត​ហ៊ែតទ្រិកលឿន​បំផុត នៅ UCL ខណៈ Liverpool បំបាក់ Rangers

លោក Jurgen Klopp បាននិយាយថា អារម្មណ៍ ក្នុង​ក្រុម Liverpool ចាប់​ផ្ដើម​ធូរស្រាល​បន្តិច បន្ទាប់ពីខ្សែប្រយុទ្ធ Mohamed Salah បានងើប​ចេញពីកៅអីកីឡាករបម្រុង ដើម្បីមក​ធ្វើ​បាន​ហ៊ែតទ្រិក (ស៊ុត ៣គ្រាប់) យ៉ាង​លឿន​បំផុត ក្នុងប្រវត្តិសាស្ត្ររបស់​ក្របខ័ណ្ឌ Champions League ក្នុងជ័យជម្នះ​ ដែល​បំបាក់​ក្រុម Rangers ឥត​ប្រណី ៧-១ នៅកីឡដ្ឋាន Ibrox កាលពីយប់ថ្ងៃពុធ។

ក្រុម​ហង្សក្រហម បានឈ្នះតែ ៤ដង​ប៉ុណ្ណោះ ក្នុងចំណោមការ​ប្រកួត ១១លើកដំបូងនៃរដូវកាលថ្មី​ ហើយក៏​បានភ្លាត់​តាម​ពីក្រោយក្រុម​គូ​បដិបក្ខជាលើកទី​៨ នៃរដូវកាល​នេះ នៅពេលដែលកីឡាករ Scott Arfield បាន​បំប៉ោង​សំណាញ់​ទី​ឱ្យ​ក្រុមយក្ស​នៃ​ក្រុង Glasgow នាំមុខមុន។ ប៉ុន្តែក្រុម Rangers របស់​ស្កុតឡេនមួយ​នេះ កំពុងត្រូវ​បាន​ផ្ដល់​មេរៀន សម្រាប់​ការវិលត្រឡប់របស់ពួកគេមក​កាន់ Champions League វិញលើកដំបូង ក្នុងរយៈពេល ១២ឆ្នាំ ខណៈដែលពួកគេបានដួលរលំ ដោយ​សារបរាជ័យជា​កំណត់​ត្រា នៅអឺរ៉ុប ក្នុង​វគ្គ​ទី ២។

២គ្រាប់របស់កីឡាករ Roberto Firmino ទាំង​ក្នុង​វគ្គទី១ និងទី២ បានកែប្រែហ្គេម មុនពេលកីឡាករសញ្ជាតិប្រេស៊ីល សហការ​ជាមួយ​ខ្សែប្រយុទ្ធ Darwin Nunez ដើម្បីបញ្ចប់​ជីវិត (យក​ឈ្នះ) ក្រុម​គូប្រជែង​។

លោក Klopp បានទុក​ឱ្យ​ Salah, Thiago Alcantara និង Diogo Jota អង្គុយកៅអីបម្រុង ដោយ​ភ្នែកម្ខាងរបស់​គាត់ កំពុងសម្លឹង​ដល់​ការប្រកួត នៅថ្ងៃអាទិត្យ ទល់​នឹងក្រុមមេឃខៀវ Manchester City នៅក្របខ័ណ្ឌ Premier League ។ ប៉ុន្តែពួកគេត្រូវបានប្ដូរ​ចូល នៅ ១៥នាទីចុងក្រោយ ហើយកីឡាករ Salah មិនបាន​ខ្ជះខ្ជាយឱកាស ក្នុងការស៊ុត​ទម្លុះ​សំណាញ់​ទី ខណៈ​ខ្សែការពាររបស់​ Rangers រង​នូវ​សម្ពាធ​នោះ​ទេ។

គ្រាប់បាល់ ៣គ្រាប់របស់កីឡាករអន្តរជាតិអេហ្ស៊ីប បានកើតឡើង ក្នុងរយៈពេលត្រឹមតែ ៦នាទី និង ១២វិនាទីប៉ុណ្ណោះ ដែល​រយៈ​ពេល បំបែកកំណត់ត្រាពីមុន ដែលកាន់កាប់ដោយកីឡាករ Bafetimbi Gomis ក្នុងជ័យជម្នះ ៧-១ របស់ក្រុម Lyon លើក្រុម Dinamo Zagreb ក្នុងឆ្នាំ២០១១។

ការស្មើ នៅ​ទីក្រុង Amsterdam នឹងគ្រប់គ្រាន់សម្រាប់ក្រុម Liverpool ដើម្បីឡើង​ទៅវគ្គ ១៦ក្រុមចុងក្រោយ នៅពេលដែលពួកគេជួបជាមួយ​ក្រុម Ajax របស់​ហូឡង់ ក្នុងរយៈពេល ២សប្តាហ៍ទៀត។ ប៉ុន្តែក្រុម Napoli នៅតែឈរ​លើ​គេក្នុងពូល A បន្ទាប់ពីឈ្នះក្រុម​ Ajax ៤-២ ដែល​ជា​លទ្ធផលនាំឱ្យក្រុម​លំដាប់​កំពូលអ៊ីតាលី​ដណ្ដើម​បាន​សិទ្ធិទៅវគ្គ​បន្ត​​រួច​ហើយ៕