ព័ត៌មានជាតិ

អាជ្ញាធរក្រុងកែបព្យាយាមកែប្រែទម្លាប់អវិជ្ជមានរបស់អាជីវករនៅឆ្នេរកម្សាន្ត

កែប៖អាជ្ញាធរក្រុងកែប កំពុងរៀបចំសណ្តាប់ធ្នាប់សម្រាប់ការលក់ដូររបស់អាជីវករនៅតំបន់ឆ្នេរកម្សាន្ត ដែលបានបំពានទីសាធារណៈ បំណងឱ្យមានភាពល្អប្រសើរឡើងវិញ។ កន្លងមក អាជីវករមួយចំនួន បានសង់ខ្ចូស តសំយាប ដាក់ឆត្រ ក្រាលកន្ទេលជួលឱ្យភ្ញៀវ និងលក់ដូរលើចិញ្ចើមផ្លូវ ក៏ដូចជាដេញហៅភ្ញៀវយ៉ាងប្រសេចប្រសាចបំផុត។

លោក ខេង យ័ន អភិបាលក្រុងកែបបានបញ្ជាក់ថា កន្លងមក ដោយសារភ្ញៀវទេសចរមកលម្ហែកម្សាន្ត នៅតំបន់ឆ្នេរច្រើន ធ្វើឱ្យអាជីវករមួយចំនួនឆ្លៀតឱកាសវាតយកទីសាធារណៈ ដោយដាក់លក់ដូរ ឬជួលកន្លែងឱ្យភ្ញៀវអង្គុយយ៉ាងអនាធិបតេយ្យបំផុត។

រូបភាពទាំងនោះ ដូចជាសង់ខ្ចូស ដាក់ឆត្រ ក្រាលកន្ទេល តម្រៀបកៅអីនៅលើផ្លូវ បង្កការកកស្ទះចរាចរណ៍ រហូតបង្កឱ្យមានពាក្យរិះគន់ជាបន្តបន្ទាប់។ លោកអភិបាលក្រុងបានបន្តថា ថ្មីៗនេះក្រុមការងារបានជូនដំណឹងដល់អាជីវករឱ្យបញ្ឈប់រាល់សកម្មភាពអវិជ្ជមានទាំងនោះដោយត្រូវរុះរើគ្រប់សំណង់មិនរៀបរយកំណត់ត្រឹមថ្ងៃទី១៥ ខែតុលាឆ្នាំ២០២២នេះជាកំហិត។

លោក ខេង យ័ន បានបន្តថា ក្រៅពីព្យាយាមលុបបំបាត់ការលក់ដូរ ដាក់ឆត្រ ក្រាលកន្ទេល ជួលកៅអីលើចិញ្ចឹមផ្លូវ និងទីសាធារណៈតាមតំបន់ឆ្នេរ ជាមួយនោះរដ្ឋបាលក្រុងក៏បានតម្រូវឱ្យអាជីវករ ជាម្ចាស់អាហារដ្ឋានបញ្ឈប់ការរត់ដេញហៅភ្ញៀវតទៅទៀតផងដែរ។ សកម្មភាពទាំងនេះមិនត្រឹម បាត់បង់សណ្តាប់ធ្នាប់ប៉ុណ្ណោះទេ ពោលគឺងាយប្រឈមនឹងគ្រោះថ្នាក់បំផុត៕ដោយៈកំចាយ