កីឡា

PSG ដាក់គោលដៅយក Aubameyang ពី Chelsea

ក្លិប Paris Saint-Germain (PSG) ត្រូវបានគេនិយាយថា កំពុងសម្លឹងមើលដល់ការផ្ទេរយក ចំពោះខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុមតោខៀវ Chelsea នៅរដូវក្តៅខាងមុខ។

កីឡាករ Aubameyang វ័យ ៣៣ឆ្នាំ បានចំណាយពេលមួយផ្នែកធំនៃអាជីពរបស់ខ្លូន នៅទីក្រុងឡុងដ៍ជាមួយក្រុមកាំផភ្លើងធំ Arsenal ប៉ុន្តែបានផ្លាស់ទៅកាន់ក្លិប Barcelona កាលពីរដូវកាលមុន ដែលនៅទីនោះ រូបគេស៊ុតបញ្ចូលទីបាន ១៣គ្រាប់ពីការចូលលេង ២៤លើក។

អតីតខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund រូបនេះ បានបើកទំព័រថ្មីរបស់ខ្លួនជាមួយនឹងជ័យជម្នះ ២-១ របស់ក្រុមតោខៀវលើក្រុម Crystal Palace កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែមិនទាន់បានបង្ហាញខ្លួនពេញ ៩០នាទីនៅឡើយទេ ក្រោមការដឹកនាំរបស់លោក Graham Potter។

ការផ្លាស់ប្តូរគ្រូបង្វឹកដ៏លឿន នាដើមរដូវកាលនេះ អាចនឹងប៉ះពាល់ដល់ជំហររបស់កីឡាករ Aubameyang នៅក្លិប ហើយវេបសាយ Footmercato កំពុងរាយការណ៍ថា ក្រុមអ្នកតំណាងរបស់​កីឡាករ បានចាប់ផ្តើមពិភាក្សារួចហើយជាមួយក្លិបយក្សរបស់បារាំងពីការផ្លាស់ប្តូរនាពេលខាងមុខ ក្នុងឆ្នាំ២០២៣។

ក្លិបក៏បានលើកឡើងដែរថា ក្លិប Chelsea នឹងមិនឈររាំងផ្លូវរបស់កីឡាកររូបនេះ ប្រសិនបើមានការ​ផ្តល់ជូនសមរម្យ ជាពិសេសប្រសិនបើកីឡាករ Aubameyang មិនមែនជាផ្នែកនៃផែនការរបស់លោក Potter។

កិច្ចសន្យាបច្ចុប្បន្នរបស់គេ ត្រូវផុតកំណត់នៅឆ្នាំ២០២៤ ប៉ុន្តែជាមួយនឹងអាយុរបស់កីឡាករ និងតម្រូវការ ក្នុងការកសាងក្រុមឡើងវិញរយៈពេលវែង ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹករបស់ក្រុម Brighton នោះ ក្លិប PSG ប្រហែលជាអាចទទួលបានកិច្ចព្រមព្រៀងដ៏ល្អសម្រាប់កីឡាករអន្តរជាតិហ្គាបុងរូបនេះ។

ជាមួយគ្នានេះដែរ លោក Christophe Galtier ធ្លាប់មានទំនាក់ទំនងជាមួយកីឡាករ Aubameyang រួចហើយ ខណៈដែលពួកគេរួមការងារជាមួយគ្នានៅឯក្លិប Saint-Etienne កាលពី ១ទសវត្សរ៍មុន៕