កីឡា

Man City ឡើងវគ្គ ១៦ក្រុម នៅ Champions League ក្រោយស្មើជាមួយ Copenhagen

លោក Pep Guardiola បានទទួលស្គាល់ថា ក្រុម Manchester City មានភាពហត់នឿយណាស់ បន្ទាប់ពីក្រុម ដែលសល់គ្នា ១០នាក់របស់គាត់ បានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ នៅក្រខ័ណ្ឌ Champions League ជាមួយនឹងលទ្ធផល ០-០ ពេលលេងទល់នឹងក្រុម FC Copenhagen កាលពីយប់ថ្ងៃអង្គារ។

ក្រុមរបស់លោក Guardiola មាននូវការគ្រាប់បាល់ដ៏ចម្រូងចម្រាសរបស់កីលាករ Rodri ដែលត្រូវបានបដិសេធដោយ VAR (វីដេអូជំនួការអាជ្ញាកណ្ដាល) មុនពេលកីឡាករ Sergio Gomez ត្រូវបានពិន័យកាតក្រហម ដោយសារកំហុសវិជ្ជាជីវៈ ក្នុងការប្រកួត នៅកីឡដ្ឋាន Parken នេះ។

អ្វីដែលគួរឱ្យសោកស្ដាយផងដែរនោះ គឺខ្សែប្រយុទ្ធ Riyad Mahrez របស់ក្រុម Man City ស៊ុតបាល់ប៉េណាល់ទីមិនបានសម្រេច មុនពេលមានការបណ្ដេញកីឡាករ Gomez នៅក្នុងវគ្គទី១ នោះ។

ដោយខ្សែប្រយុទ្ធឆ្នើម Erling Haaland ត្រូវបានទុកឱ្យសម្រាកនៅលើកៅអីកីឡាករបម្រុង មុនពេលក្រុម Man City ធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Liverpool នាថ្ងៃអាទិត្យនេះ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បានបរាជ័យក្នុងការស៊ុតបញ្ចូលទីជាលើកដំបូង ក្នុងចំណោម ២៤ហ្គេម គិតក្នុងការប្រកួត នៅគ្រប់កម្មវិធីទាំងអស់។

តែយ៉ាងណា ក្រុម Man City ត្រូវតែពេញចិត្តនឹងការ ដែលអាចគេចផុតពីការរងបរាជ័យ បន្ទាប់ពីលេងជាមួយកីឡាករតែ ១០នាក់ ក្នុងរយៈពេល ១ម៉ោង។ ក្រុមរបស់លោក Guardiola ទទួលបានរង្វាន់ត្រឹមតែប៉ុន្មានម៉ោងក្រោយមក នៅពេលដែលពួកគេបានឈានទៅវគ្គបន្តជាមួយ​នឹងការនៅសល់ ២ហ្គេមទៀត ដោយសារក្រុម Borussia Dortmund ស្មើ ១-១ ជាមួយក្រុម Sevilla សម្រាប់ការប្រកួត ១ផ្សេងទៀតក្នុងពូល G។

លោក Guardiola បាននិយាយថា៖ «ការលេង ១ម៉ោងបែបនេះ គឺពិបាកណាស់។ កីឡាករបានផ្តល់អ្វីៗ​គ្រប់យ៉ាង។ ជាចំណុចល្អ ហើយយើងនឹងទទួលយក។ ខ្ញុំពេញចិត្តណាស់។ ថ្ងៃស្អែកយើងនឹងសាងអ្វីៗ​ឡើងវិញ ហើយបន្ទាប់មក យើងមានពេល ២ថ្ងៃ ដើម្បីរៀបចំ សម្រាប់ជំនួបជាមួយ Liverpool»៕