កីឡា

Ferdinand និយាយថា Kane ត្រូវតែមិនស្រណុកចិត្ត ក្នុងការមើល Haaland បំបែកកំណត់ត្រា

កីឡាករ Harry Kane របស់ក្រុម Tottenham Hotspur (Spurs) ត្រូវតែមិនស្រួលក្នុងចិត្ត ក្នុងការមើលឃើញខ្សែប្រយុទ្ធ Erling Haaland បំបែកកំណត់ត្រាស៊ុតបញ្ចូលទីម្ដងហើយម្ដងទៀត នៅក្រុមមេឃខៀវ Manchester City។ នេះបើតាមសម្ដីរបស់លោក Rio Ferdinand។

Haaland ដែលបានមកចូលរួម ដោយការចាកចេញពីក្រុម Borussia Dortmund កាលពីខែមិថុនា រកបានដល់ទៅ ២០គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ១៣លើកឱ្យក្រុម Man City ជាមួយនឹងការទម្លុះសំណាញ់ទី ១គ្រាប់ ទល់នឹងក្រុម Southampton កាលពីថ្ងៃសៅរ៍។ ក្នុងចំណោមគ្រាប់ទាំងនោះ កីឡាករអន្តរជាតិន័រវែសរូបនេះ ស៊ុតបញ្ចូលទី ១៥គ្រាប់ នៅក្របខ័ណ្ឌ Premier League ដោយមាន ៧គ្រាប់ច្រើនជាងអ្នកលេខ២ Kane ដែលចេញដំណើរបានយ៉ាងលឿន នារដូវកាលនេះ។

តែទោះយ៉ាងណាក៏ដោយ វានឹងក្លាយជាកីឡាករ Kane ដែលឈរនៅតំបន់ប្រយុទ្ធ សម្រាប់ក្រុម Man City ប្រសិនបើក្រុមរបស់លោក Pep Guardiola អាចឈានដល់កិច្ចព្រមព្រៀងជាមួយ Spurs សម្រាប់ការផ្ទេរ ចំពោះកីឡាករអន្តរជាតិអង់គ្លេស កាលពីឆ្នាំមុន។

ជំនួសមកវិញ ក្លិប Man City បានប្រើរយៈពេល ១២ខែ ដើម្បីចុះហត្ថលេខាយកកីឡាករ Haaland ពីក្លិប Dortmund ហើយលោក Rio និយាយថា ទម្រង់លេងរបស់កីឡាករវ័យ ២២ឆ្នាំ ត្រូវតែធ្វើឱ្យកីឡាករ Kane មានអារម្មណ៍មិនស្រណុកចិត្តជាមិនខាន។

លោក Ferdinand បាននិយាយតាមរយៈខ្សែអាត់សំឡេងរបស់ប៉ុស្តិ៍ FIVE នៅលើឆាណែល YouTube របស់គាត់ថា៖ «ប្រសិនបើខ្ញុំជាក្លិប Man City មុនពេលកីឡាករ Haaland មក ខ្ញុំនឹងយក Kane។ Kane គឺជាអ្នកស៊ុតបញ្ចូលទីដ៏អស្ចារ្យម្នាក់។ នៅរាល់ឆ្នាំ រូបគេស៊ុតបញ្ចូលទីបាន ខ្ញុំគិតថា រូបគេនឹងមានភាពអស្ចារ្យនៅ Man City»។

«ប្រសិនបើខ្ញុំជារូបគេ ខ្ញុំពិតជាមិនសូវស្រួលក្នុងចិត្ត នៅពេលដែលខ្ញុំកំពុងមើល Haaland ឥឡូវនេះ។ ខ្ញុំគិតថា វាអាចជាខ្ញុំ។ គ្មាននរណាម្នាក់មិនសប្បាយចិត្តទេ ប្រសិនបើរូបគេទៅ Man City។ ខ្ញុំមិនដឹងថា វានឹងកើតឡើងយ៉ាងដូចម្តេចពីគ្រប់ភាគីនោះទេ។ តែរូបគេត្រូវតែមិនស្រណុកចិត្ត»។ លោក Ferdinand បានបន្ថែម។

១៥គ្រាប់របស់ Haaland គឺ ៤គ្រាប់ច្រើនជាងកីឡាករណាទាំងអស់ បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ៩លើក ក្នុងប្រវត្តិសាស្ត្ររបស់ Premier League ដោយតាមមកដោយលោក Mick Quinn ដែលធ្វើបាន ១១គ្រាប់ឱ្យ Coventry City ក្នុងរដូវកាល ១៩៩២-១៩៩៣៕