ព័ត៌មានជាតិ

ដំណាំជាង១០ម៉ឺនហិកតាប៉ះពាល់ និងខូចខាតដោយទឹកជំនន់

បាត់ដំបង៖ដំណាំស្រូវ ជាមួយដំណាំរួមផ្សំផ្សេងៗសរុបជាង១០ម៉ឺនហិកតា ប៉ះពាល់និងខូចខាត​ដោយគ្រោះធម្មជាតិទឹកជំនន់ជាបន្តបន្ទាប់គ្នា។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី១២ ខែតុលានេះថាទឹកភ្លៀងបានបន្តធ្លាក់យ៉ាងជោកជាំពាសពេញខេត្តបាត់ដំបង។ជាមួយនោះនៅតំបន់ទំនាបចាប់តាំងពីដើមខែកញ្ញាមក បានបង្កជាជំនន់អូសបន្លាយពេលយ៉ាងយូរ បង្កជាបញ្ហាឱ្យដំណាំស្រូវ និងដំណាំផ្សេងៗជាច្រើនម៉ឺនហិកតារងការប៉ះពាល់ និងខូចខាត។

គិតត្រឹមថ្ងៃទី ១១ ខែតុលាកន្លងមកនេះ ដំណាំស្រូវ និងដំណាំរួមផ្សំ បានប៉ះពាល់ និងខូចខាតសរុបចំនួន ១០២.៦៥៤ហិកតា។ ក្នុងនោះផ្ទៃដីដែលប៉ះពាល់មានចំនួន ៦៨.៦៣៩ហិកតា រួមទាំងផ្ទៃដីដែលខូចខាតសរុបចំនួន ៣៤.០១៥ហិកតា។ទន្ទឹមនឹងការប៉ះពាល់ខាងលើ ក្រោយទឹកជំនន់បានស្រកចុះបន្តិចវិញផ្ទៃដីដាំណាំរបស់ប្រជាកសិករមួយចំនួនមានលទ្ធភាពស្តារឡើង​វិញបានចំនួន១៥.៨០១ហិកតា ដែលត្រូវការពូជ១.៥៨០តោន៕ដោយ: ព្រះអង្គខ្មៅ