ព័ត៌មានជាតិ

ជំនឿបុរាណរបស់អ្នកភូមិដាំស្ពៃពីប្រពៃណីបណ្តែតប្រទីប

បាត់ដំបង៖ជំនឿពីបុរាណរាប់សិបឆ្នាំបែបប្រពៃណីនៃពិធីបណ្តែតប្រទីបរបស់ប្រជាពលរដ្ឋក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក ផាន់ ថងដារិទ្ធិ មេក្រុមដឹកនាំរៀបចំធ្វើប្រទីបប្រចាំភូមិដាំស្ពៃ កាលពីព្រលប់ថ្ងៃទី១០ ខែ បានឱ្យដឹងថា រូបលោកស្រឡាញ់គោរពតាមជំនឿសាសនារបស់លោកតាំងពីតូចៗមកផងនោះ លោកក៏រៀបចំធ្វើនៅឆ្នាំនេះបន្តទៀតមិនឲ្យខុសពីទំនៀមទម្លាប់កន្លងមក ឬល្អៀងពីបែបផែនរបស់​ព្រលឹងបុព្វបុរសម្ចាស់ភូមិឡើយ។

ចំណែកលោក វ៉ែន វ៉ាន់ អាយុជាង ៦០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ បានបញ្ជាក់ដែរថា ពិធីបណ្តែតប្រទីបដ៏សែនររីករាយនេះធ្វើឡើងនៅថ្ងៃ១៥ កើត ខែអស្សុជ ជារៀងរាល់ឆ្នាំ។រីឯអ្នកភូមិរកដើមចេកចំនួនពី ៣ទៅ៤ដើម ហើយនាំគ្នាច្នៃធ្វើប្រទីបទៅតាមម៉ូត ក្បាច់រចនាដែលចង់បានក្នុងទំហំបណ្តោយប្រវែង ២ម៉ែត្រកន្លះ និងទទឹង ៧០សង់ទីម៉ែត្រ។ រួចតុបតែងដាក់ផ្កាភ្ញី គោមមបំភ្លឺ នំ ផ្លែឈើ អង្ករ អំបិល ប្រហុក ត្រីងៀត ត្រីឆ្អើរជាដើម ដើម្បីបានជាស្បៀងសម្រាប់ជូនដំណើរព្រលឹងអមនុស្សជាដូនតាឲ្យត្រឡប់ទៅកាន់ទីដ្ឋានដ៏សមគួរវិញ។

លោកពូ វ៉ែន វ៉ាន់ បានបញ្ជាក់បន្តថា ក្រៅពីអត្ថន័យខាងលើ ពិធីដដែលនេះក៏តម្រូវឲ្យអ្នកភូមិចូលរួម​ជាថវិកា ទោះតិចក្តីច្រើនក្តីរួចអ្នកភូមិទាំងនោះអុជធូបបួងសួងអង្វរសុំទោសដល់ព្រះគង្គា ព្រះធរណី ព្រះពាយ ព្រះអាទិត្យ និងជាមនុស្សរស់មាន: លោកតា លោកយាយ ឳពុកម្តាយ សាច់ញាតិរៀមច្បង​ជាច្រើនទៀតឲ្យលើកទោសឲ្យដែលមានកន្លងមក ឲ្យហូរទៅតាមទឹក រសាត់ទៅតាមខ្យល់ ទៅជាមួយវិញ្ញាណដូនតាដែលបានបញ្ជូនទៅពីឋានមនុស្សបន្តទៀត ៕ដោយ: ព្រះអង្គខ្មៅ