កីឡា

Messi របស់ PSG អវត្តមាន ក្នុង​ជំនួប​ទល់នឹង Benfica នៅ UCL

កីឡាករ Lionel Messi របស់ក្លិប Paris Saint-Germain (PSG) នឹងមិន​មាន​វត្តមានក្នុង​ការប្រកួតនៅក្របខ័ណ្ឌ UEFA Champions League (UCL) ក្នុងផ្ទះ នា​សប្តាហ៍នេះ ជាមួយក្រុម Benfica ដោយសារមានរបួស។ នេះ​បើ​តាម​ប្រភពរបស់ក្លិប ដែល​បានប្រាប់​មក​បណ្ដាញសារព័ត៌មាន កាលពីថ្ងៃចន្ទ។

ស៊ុបភើស្តារ​សញ្ជាតិអាហ្សង់ទីនវ័យ ៣៥ឆ្នាំរូបនេះ បានមានបញ្ហាកំភួនជើងបន្តិចបន្តួច ក្នុងការប្រកួតកាលពីសប្តាហ៍មុន ក្នុងលទ្ធផលស្មើ ១-១ នៅប្រទេសព័រទុយហ្គាល់ ហើយបាន​ខកខានកាលពីថ្ងៃសៅរ៍ ក្នុង​ហ្គេមនៅក្របខ័ណ្ឌ Ligue 1 ដែល​ស្មើ​ជាមួយក្រុម Reims។

ជាមួយ​គ្នានេះ​ដែរ ក្រុម PSG នឹងមិន​មានខ្សែការពារ Presnel Kimpembe និង Nuno Mendes ក៏ដូចជាខ្សែបម្រើ Renato Sanches សម្រាប់ការប្រកួតនៅ UCL នាយប់​ថ្ងៃអង្គារ ក្នុងរដ្ឋធានីនៃ​ប្រទេស​បារាំងនេះ។

ក្រុម​យក្ស​នៅ​ក្រុង​ប៉ារីស នាពេលនេះឈរទី១ ក្នុង​ពូល H ដោយ​នៅ​ពីលើក្រុម Benfica ដែលជាជើងឯកទ្វីបអឺរ៉ុប ២ដង ដោយ​សារ​ចំនួន​គ្រាប់បាល់ចំណេញ​ច្រើនជាង សម្រាប់​ការ​ប្រកួត​ប្រជែងក្នុង​វគ្គសន្សំពិន្ទុ​នេះ​។

អតីតខ្សែប្រយុទ្ធឆ្នើម​របស់​ក្រុម​អ្នក​មាន​បុណ្យ Barcelona រូបនេះ បានបាត់​មុខ​ត្រឹមតែ ១លើក​ប៉ុណ្ណោះ ក្នុង​ចំណោម ១៤ហ្គេមរបស់ក្រុម PSG គិត​ក្នុងការប្រកួតនៅ​គ្រប់​កម្មវិធីទាំងអស់ នារដូវកាលនេះ ហើយក្លិប​នឹងសង្ឃឹមថា កីឡាករវ័យរូប​នេះនឹង​មាន​ភាព​រឹង​ប៉ឹង​បរិបូរណ៍ សម្រាប់ការប្រកួតនៅ Ligue 1 នា​ថ្ងៃអាទិត្យជាមួយក្រុមគូប្រជែងដ៏​ស្រួច​ស្រាល់ Marseille។

ចំណែក​ឯ​ខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Ramos ប្រាកដណាស់ នឹងខកខានការប្រកួត​នៅថ្ងៃអាទិត្យនេះ ដោយសារ​រូប​គេជាប់​ពិន័យ​៕