កីឡា

Diaz របស់ហង្សក្រហម នៅ​ក្រៅទីលាន រហូតដល់​ក្រោយ World Cup

ខ្សែប្រយុទ្ធ Luis Diaz របស់​ក្រុមហង្សក្រហម Liverpool នឹងត្រូវអវត្តមាន រហូតដល់ក្រោយ​ព្រឹត្តិការណ៍ World Cup ដោយសារ​របួសជង្គង់។ នេះបើយោងតាមសេចក្ដី​រាយការណ៍ កាលពីថ្ងៃចន្ទ។

Diaz បាន​រង​របួស​ ក្នុង​វគ្គ​ទី​១ ​នៃការ​ប្រកួត នៅ​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ក្រុម Liverpool រង​បរាជ័យ ៣-២ នៅ​ឯ​ផ្ទះ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal។

កីឡាករសញ្ជាតិកូឡុំប៊ីវ័យ ២៥ឆ្នាំរូបនេះ បានចាកចេញពីកីឡដ្ឋាន Emirates ដោយ​ប្រើឈើច្រត់ ហើយលទ្ធផល​ស្កែន បានបង្ហាញថា កីឡាករ Diaz មិនត្រូវការការវះកាត់ទេ តែ​មាន​សេចក្ដីរាយការណ៍ថា របួសនេះនឹងធ្វើ​ឱ្យ​រូប​គេនៅ​ក្រៅទីលាន រហូតដល់ក្រោយ​ World Cup ដែលចាប់ផ្តើមនៅប្រទេសកាតា នាថ្ងៃទី២០ ខែវិច្ឆិកា។

នេះ​បាន​ន័យ​ថា កីឡាករ Diaz នឹងខកខានយ៉ាងហោចណាស់ ១០ហ្គេម សម្រាប់ក្រុមដ៏យ៉ាប់យ៉ឺន​របស់លោក Jurgen Klopp ដែលមានគម្លាត​ដល់​ទៅ ១៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Arsenal។

វា​ជា​ផល​ប៉ះពាល់​ដ៏​ធំ​​មួយ​ទៀត​សម្រាប់ Liverpool ដោយ Diaz បាន​លេច​មុខ​មក​​ជាអ្នក​លេង​ដ៏​មាន​ឥទ្ធិពល​របស់​ក្រុម​ ចាប់​តាំង​ពីមក​​ចូល​រួម​ដោយ​ចាក​ចេញ​ពី​ក្លិប Porto ក្នុង​ខែ​មករា។ រូប​គេ​នឹងសង្ឃឹមថា នឹងត្រឡប់មកមាន​សកម្មភាពវិញ នៅពេលដែល​ការ​ប្រកួត នៅ Premier League ចាប់ផ្តើមឡើងវិញ ក្នុងខែធ្នូ បន្ទាប់ពី World Cup ចប់​សព្វគ្រប់។

ក្រុម​ហង្សក្រហម ប្រឈម​នឹង​​បញ្ហារបួសនេះរួចទៅហើយ ដោយខ្សែការពារ Trent Alexander-Arnold កំពុង​រង់ចាំលទ្ធផលស្កែននៃរបួសកជើង ដែលកើតមានពេល​លេង​ទល់​នឹង​ក្រុម Arsenal ដែរ៕