កីឡា

Atletico អះអាង​ការ​ផ្ទេរ​យក Griezmann ពី Barcelona

ក្លិប Atletico Madrid បានបញ្ជាក់ថា ក្លិប​បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាផ្ទេរ​យក​ខ្សែប្រយុទ្ធសញ្ជាតិ​បារាំង Antoine Griezmann ជាអចិន្ត្រៃយ៍ពីក្លិបរួម​លីគ Barcelona ក្នុងកិច្ចសន្យារហូតដល់ឆ្នាំ២០២៦។

កីឡាករ Griezmann ត្រូវ​បានក្រុម Atletico ខ្ចី​ជើង​តាំងពីខែសីហា ឆ្នាំ២០២១ បន្ទាប់ពីជួបនូវ​ការលំបាក នៅទឹក​ដី Camp Nou ក្រោយ​ផ្លាស់​ទៅក្នុងតម្លៃ ១២០លានអឺរ៉ូ (១១៦,៥លានដុល្លារ) កាលពី​ឆ្នាំ២០១៩។

ក្លិប Atletico បានឱ្យ​ដឹង​ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា៖ «កីឡាករ Griezmann បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលភ្ជាប់រូប​គេ​ជាមួយ​ក្លិបរបស់យើង រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦»។

កីឡាករជយលាភី World Cup 2018 គឺជាតួអង្គដ៏​សំខាន់ ក្នុងផែនការរបស់គ្រូបង្វឹក លោក Diego Simeone កាលពីរដូវកាលមុន ប៉ុន្តែត្រូវបានកាត់បន្ថយយ៉ាងច្រើន ក្នុងការបង្ហាញខ្លួនក្នុង​នាម​ជាកីឡាករ​បម្រុង ក្នុងយុទ្ធនាការនា​ពេល​បច្ចុប្បន្ននេះ ខណៈដែលក្លិប Atletico បានព្យាយាមគេចចេញពីការបង់ថ្លៃទិញជាកាតព្វកិច្ចចំនួន ៤០លានអឺរ៉ូ ប្រសិនបើកីឡាករ Griezmann បាន​ចូល​លេងលើសពីចំនួនហ្គេមជាក់លាក់មួយ​។

ដោយ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​នេះ កាន់តែខិតជិតមកដល់ ហើយកីឡាករវ័យ ៣១ឆ្នាំ មានបំណងចង់បង្ហាញខ្លួនបន្ថែមនោះ ក្លិប Atletico និង Barcelona បានចរចាលើកិច្ចព្រមព្រៀងថ្មីមួយ ដោយប្រធានក្លិប Barcelona លោក Joan Laporta អំឡុងកិច្ចប្រជុំសមាជិកក្លិប កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ពីតម្លៃ ដែល​តាម​ដឹង​ ២០លានអឺរ៉ូ និង​មាន​តម្លៃបន្ថែម តាម​លក្ខខណ្ឌផ្សេង​ៗទៀត។

តែក្លិប Atletico មិនបានបង្ហាញពីតម្លៃនៃកិច្ចព្រមព្រៀងថ្មីនេះនោះទេ សម្រាប់​ការ​ផ្ទេរ​ ចំពោះ Griezmann ដែល​លេងបាន ៣០៣ដង សម្រាប់ក្លិប ដោយក្នុង​នោះ​ស៊ុតបញ្ចូលទីបាន ១៤៤គ្រាប់ ពី​ការ​ចូល​រួម​ ២លើក​ជាមួយ​ក្លិប​យក្ស​នៅ​ក្រុង​ម៉ាឌ្រីដ​នេះ៕