កម្សាន្ដ

ភ្ញៀវជិត២០ម៉ឺននាក់ចូលលេងកម្សាន្តពិធីបុណ្យអុំទូកក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ភ្ញៀវទេសចរក្នុងនិងក្រៅខេត្ត រួមទាំងភ្ញៀវអន្តរជាតិប្រមាណជិត២០ម៉ឺននាក់ បានចូលកម្សាន្តក្នុងខេត្តបាត់ដំបងអំឡុងពេលបុណ្យអុំទូក បណ្តែតប្រទីប ថ្ងៃចេញព្រះវស្សា។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែតុលានេះថា ពិធីបុណ្យអុំទូកនិងបណ្តែតប្រទីប ថ្ងៃចេញព្រះវស្សានៅក្នុងស្ទឹងសង្កែ ក្រុងបាត់ដំបង ចាប់ពីថ្ងៃទី៩-១០ ខែតុលានេះភ្ញៀវទេសចរជាតិ-អន្តរជាតិមានប្រមាណ១៨៩.១៦៧នាក់។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានបន្តថា កាលពីថ្ងៃទី៩ ខែតុលា ភ្ញៀវទេសចរមានចំនួន៦១.២៧៨ នាក់។ក្នុងនោះភ្ញៀវជាតិ៦១.១៨៩ នាក់និងភ្ញៀវអន្តរជាតិ៨៩នាក់។ ដោយឡែក នៅថ្ងៃទី១០ ខែតុលាភ្ញៀវមានចំនួន ១២៧.៨៨៩នាក់ភ្ញៀវជាតិ ១២៧.៧៦៨នាក់ និងភ្ញៀវអន្តរជាតិចំនួន១២១នាក់។

មន្ត្រីគណ:កម្មការរៀបចំបុណ្យជាតិ អន្តរជាតិខេត្តបាត់ដំបង បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរដែលកើនឡើងរហូតជិត២០ម៉ឺននាក់នោះដោយសារកត្តារួមផ្សំមួយចំនួន។ជាមួយនោះប្រទេសមានសុខសន្តិភាព អាកាសធាតុអំណោយផល រដ្ឋបាលខេត្តបានរៀបចំសន្តិសុខសណ្តាប់ធ្នាប់បានល្អ ៕ដោយ:ព្រះអង្គខ្មៅ