សេដ្ឋកិច្ច

៩​ខែ​ឆ្នាំ​២០២២ ក្រុមហ៊ុន​ថ្មី​ចំនួន​១៥០ បោះទុន​វិនិយោគ​នៅ​កម្ពុជា​ប្រមាណ​៣ ៥០០​លាន​ដុល្លារ​

​ភ្នំពេញ​៖​ក្នុង​រយៈពេល​៩​ខែ គិត​ចាប់ពី​ខែមករា រហូតដល់​ខែកញ្ញា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ( CDC)​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន​ប្រមាណ​១៥០​គម្រោង គិត​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ ៣ ៥០០​លាន​ដុល្លារ​អាម៉េរិក​។​

​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀតថា ប្រៀបធៀប​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០២១​កន្លងទៅ មាន​កំណើន​ចំនួន ១៦​គម្រោង ស្មើ​ទំហំ​វិនិយោគ​ប្រមាណ ១០១​លាន​ដុល្លារ​។ គម្រោង​វិនិយោគ​ចំនួន ១៥០​គម្រោង​នៅ​ឆ្នាំនេះ ភាគច្រើន​ជា​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារ​ធ្វើដំណើរ​, គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​វេច​ខ្ចប់​ផ្លែឈើ​, គម្រោង​ផលិត​សំបក កង់​យានយន្ត​, រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​ប្រើប្រាស់​ខ្សែភ្លើង និង​ផលិតផល​ផ្លា​ស្ទិ​ក​, គម្រោង​បង្កើត​រោងចក្រ​ដំឡើងរថយន្ដ និង​គម្រោង​លើ​វិស័យ​ដទៃៗ​ជាច្រើន​ទៀត​។​

​សូមជម្រាបថា គិត​ត្រឹម​រយៈពេល​៩​ខែ ឆ្នាំ​២០២២ ការវិនិយោគ​ក្នុងស្រុក​បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ ដោយបាន​ចូលរួមចំណែក​ប្រមាណ ៥១​ភាគរយ នៃ​ទុនវិនិយោគ​សរុប ខណៈ​ការវិនិយោគ​មកពី​ប្រទេស​ចិន បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​២៕​ដោយៈសិរីមតី