សេដ្ឋកិច្ច

ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម កម្ពុជា​បាន​នាំចេញ​ទំនិញ​ជាង ១៧ ពាន់​លាន​ដុល្លារ​អាមេរិក

ភ្នំពេញ​៖​នៅក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២២ នេះ កម្ពុជា បាន​នាំចេញ​ទំនិញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅកាន់​ទីផ្សារ​បរទេស មាន​ទំហំ​ទឹកប្រាក់​ជាង ១៧ ពាន់​លាន​ដុល្លារ​អាមេរិក កើន​ជាង ២៤ ភាគរយ បើ​ធៀប​ទៅនឹង ៩ ខែ​ដូចគ្នា កាលពី​ឆ្នាំ ២០២១ កន្លងទៅ​។​

​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នាស្ដីពី​កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ ២០២​៣​-២០២៧ កាលពី​រសៀល​ថ្ងៃទី ១០ តុលា នា​សណ្ឋាគារ​ភ្នំពេញ លោក ប៉ាន សូរ​ស័​ក្ត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសា​ស​ន៍ថា ការនាំចេញ​របស់​កម្ពុ​ជា​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​បរទេស​នៅ​ឆ្នាំ ២០០១ មាន​ត្រឹមតែ ១១៨៨ លាន​ដុល្លារ​អាមេរិក ចំនួន​នេះ​មានការ​កើនឡើង​ដល់ ១៩០៧៤ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ ២០២១ក្នុងនោះ​ការនាំចេញ​សំលៀកបំពាក់​វាយ​ន​ភណ្ឌ​មាន​ទឹកប្រាក់​ចំនួ​ន ៦៧៧៣ លាន​ដុល្លារ​អាមេរិក និង​ការនាំចេញ​ផលិតផល​ធ្វើដំណើរ និង​កាបូប​មាន​ទឹកប្រាក់​ចំនួន ១១៨៨ លាន​ដុល្លារ​អាមេរិក​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថា ដោយឡែក​ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២២ នេះ ការនាំចេញ​របស់​កម្ពុ​ជា​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​បរទេស​មាន​ទំហំ​ទឹកប្រាក់ ១៧៥៧៨ លាន​ដុល្លារ​អាមេរិក​កើនឡើង ២៤.២៣ ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល ៩ ខែ​ដូចគ្នា ឆ្នាំ ២០២១ ក្នុងនោះ​ការនាំចេញ​សំលៀកបំពាក់​វាយ​ន​ភណ្ឌ​កើនឡើង ២៣.១៦ ភាគរយនិង​ការនាំចេញ​ផលិតផល​ធ្វើដំណើរ និង​កាបូបមានការ​កើន​ឡើង ៣៦.៣១ ភាគរយ​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា​តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ​កម្ពុជា​បាន​បង្កើន​ទំនុកចិត្ត​ដល់​អ្នកបញ្ជា​ទិញ​ម៉ាក​យីហោ​ល្បីៗ​ក្នុង​ការដាក់​បន្ថែ​មកា​រ​បញ្ជា​ទិញ​ផលិតផល​សំខាន់ៗ រួមមាន សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និង​កាបូប​នៅ​កម្ពុជា​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​កាន់តែ​ច្រើនឡើងៗ​៕​ដោយៈសិរីមតី