សេដ្ឋកិច្ច

ក្រុមហ៊ុន រុករក​មាស​មួយ​នៅ​ខេត្តក្រចេះ​គ្រោង​ផលិត​មាស​ឱ្យបាន ២០​គីឡូក្រាម​ក្នុង​មួយខែ​

​ភ្នំពេញ​៖​ក្រុមហ៊ុន រុករ​កមាស Xing Yuan Kanng Yeak Co., Ltd គ្រោង​ផលិត​មាស​ឲ្យ​បាន​២០​គីឡូក្រាម​នៅក្នុង​មួយខែ ដែល​គិតដល់​ខែធ្នូ​ឆ្នាំ​២០២២​ខាងមុខនេះ គ្រោង​ផលិត​មាស​ឲ្យ​បាន​៦០​គីឡូ​។​

​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែនិងថាមពលនៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​ក្នុង​ដំណើរ ការ​កត់ត្រា​ទិន្នន័យ​ស្ល​រ៉ែ​មាស​លើក​ទី​១របស់​ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ។

​សូមជម្រាបថា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២ ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd បាន​បើក​ដំណើរការ​កត់ត្រា​ទិន្នន័យ​ស្ល​រ៉ែ​មាស​លើក​ទី​១ របស់ខ្លួន ដែល​ក្នុង​នោះបាន​កត់ត្រា​ថ្លឹង​កំហាប់​រ៉ែ​មាស (Gold Concentrates) មាន​ទម្ងន់ ៧ ៨៤៩ ក្រាម និង​បាន​យក​កំហាប់​រ៉ែ​មាស​នោះ​ទៅ​ស្ល និង​ចាក់ចេញ​ជា​ដុំ​មាស (Gold Doré) បាន​ចំនួន ០៧​ដុំ មាន​ទម្ងន់​សរុប ៨ ២១២,២៧ ក្រាម ដែលមាន​អត្រា​ភាព​សុទ្ធ ៩៩.៩% ។​

​ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ទទួលបាន​អាជ្ញាប័ណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​រ៉ែ​មាស ពី​ក្រសួង​រ៉ែ​និង​ថាមពល កាលពី​ខែសីហា ឆ្នាំ​២០១៨ លើ​ទំហំ​ដី​ចំនួន២៨ គីឡូម៉ែត្រ​ក្រឡា ដើម្បី​ប្រតិបត្តិការ​អាជីវកម្ម​រ៉ែ​មាស​របស់ខ្លួន​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ​។ ក្រោយ​ពី​ទទួលបាន​អាជ្ញាប័ណ្ណ ក្រុមហ៊ុន​បាន​ដំឡើង​ខ្សែសង្វាក់​ផលិតកម្ម​អាជីវកម្ម​របស់ខ្លួន តែដោយសារ​តែ​បញ្ហា​កូ​វីដ​១៩ ក្រុមហ៊ុន​ទើបតែ​បានបញ្ចប់​ការសាងសង់ និង​រៀបចំ​ខ្សែសង្វាក់​ផលិតកម្ម​របស់ខ្លួន​នៅក្នុង​ខែតុលា ឆ្នាំ​២០២២ នេះ​៕​ដោយៈសិរីមតី