កីឡា

Ten Hag រំពឹង​មាន​បន្ថែម​ពី Ronaldo ក្រោយ​ស៊ុត​គ្រាប់​​ទី ៧០០ ឱ្យ​ក្លិបអាជីព

លោក Erik ten Hag រំពឹង​ថា គ្រាប់បាល់ទី ៧០០ ក្នុង​ក្លិប​អាជីពរបស់​កីឡាករ Cristiano Ronaldo អាចជំរុញឱ្យមានទម្រង់លេងល្អ​ប្រសើរឡើងវិញ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់​រូប​នេះ បានស៊ុតបញ្ចូលទីគ្រាប់បាល់​ជ័យជម្នះ ដែល​ជួយ​ឱ្យ​ក្រុម​បិសាចក្រហម Manchester United ឈ្នះ​ក្រុមម្ចាស់​ផ្ទះ Everton ២-១ កាលពីថ្ងៃអាទិត្យ។

កីឡាករជយលាភី​ពាន​ Ballon d’Or ៥សម័យកាល ត្រូវតែស៊ាំនឹងជីវិតនៅក្រៅទីលានទៅហើយ ក្រោមការដឹកនាំរបស់លោក Ten Hag ដោយ​ចាប់ផ្តើមបង្ហាញខ្លួនក្នុង​ជម្រើសដំបូងបាន​តែ​ម្ដងប៉ុណ្ណោះនៅ​ក្របខ័ណ្ឌ Premier League នារដូវកាលនេះ។ ហើយ​កាល​ពី​យប់​មិញ​នេះក៏ដូចគ្នា​ដែរ កីឡាករ Ronaldo ត្រូវ​បាន​ដាក់​ឱ្យអង្គុយ​លើ​កៅអី​បម្រុងម្ដង​ទៀត តែ​​ត្រូវ​បានប្ដូរ​ចូល​ជំនួសខ្សែប្រយុទ្ធ Anthony Martial ដែល​រង​របួស​។

កីឡាករវ័យ ៣៧ឆ្នាំរូបនេះ បានឆក់យកឱកាស​ដ៏ល្អ​នេះ ដោយ​ការ​​ផ្តល់ឱ្យក្រុម Man United នូវការ​នាំ​មុខ មុ​ន​ចប់​វគ្គ​ទី ១ ក្នុង​ការប្រកួតមួយដែលក្រុមទាំង​២ សុទ្ធតែ​មាន​កំហុស​ដូចគ្នា​ ហើយលោក Ten Hag បាននិយាយបន្ទាប់ពីកីឡាករ Ronaldo រក​បាន​គ្រាប់បាល់ដំបូង នៅ Premier League រដូវកាលនេះថា៖ «កីឡាករគ្រប់រូបត្រូវការវា (ទំនុកចិត្ត) សូម្បីតែនៅពេលដែលអ្នក​កំពុង​មាន​ទម្រង់​ល្អបំផុតជាង​គេ​នៅលើពិភពលោក»។

«ខ្ញុំបានរួម​ការងារជាមួយអ្នកស៊ុតបញ្ចូលទីជាច្រើន ហើយពួកគេត្រូវការគ្រាប់បាល់ នៅគ្រប់រដូវកាល ដើម្បីឱ្យមានអារម្មណ៍នោះ ដែលជាការបញ្ជាក់ពី​សញ្ជាតិញាណ។ នៅពេលដែលពួកគេមានគ្រាប់​បាល់ខ្លះ ពួកគេ​នឹងកាន់​តែមាន​ភាព​ធូរស្រាល ហើយហ្គេមកាន់តែងាយស្រួល។ រឿង​នោះ​នឹងកើតមានឡើងជាមួយរូប​គេ (Ronaldo) ដូចគ្នាដែរ»។

គ្រាប់​បាល់​នោះ ​បាន​ធ្វើ​ឱ្យ​ចំនួន​សរុប​របស់កីឡាករ Ronaldo សម្រាប់​​ការប្រកប​អាជីព​ជាមួយក្រុម Man United ចំនួន ២លើក ឡើង​ដល់​ ១៤៤គ្រាប់។ ជាមួយ​គ្នា​នេះ គ្រាប់​បាល់​កំណត់ត្រារបស់រូប​គេ​ នៅ​ឯ​ក្រុម​យក្សអេស្ប៉ាញ Real Madrid គឺ ៤៥០គ្រាប់ ខណៈដែលទម្លុះសំណាញ់ទី​បាន ១០១ដង សម្រាប់ក្រុម​ Juventus និង ៥ដង សម្រាប់ក្រុម Sporting Lisbon៕