កីឡា

Klopp បារម្ភនឹង​របួស Alexander-Arnold ក្រោយ​ចាញ់ Arsenal

កីឡាករ Trent Alexander-Arnold បាន​រង​របួស​កជើង ដែល​នាំ​ឱ្យ​រូប​គេ​ឈឺ​ចាប់​ខ្លាំងពេក មិន​អាច​​បន្តលេង​​​ក្នុង​ការប្រកួត​ ដែល​ក្រុម​ហង្សក្រហម Liverpool របស់​ខ្លួន ​ចាញ់ក្រុម​កាំភ្លើង​ធំ​ Arsenal ៣-២ កាល​ពីថ្ងៃអាទិត្យ  ខណៈ​ដែល​បញ្ហានេះ ធ្វើ​ឱ្យ​លោក Jurgen Klopp មាន​ការបារម្ភយ៉ាង​ខ្លាំង។

អ្នកចាត់ការក្រុមលោក Klopp បាននិយាយថា របួសរបស់កីឡាករ Alexander-Arnold បង្ហាញឱ្យ​ឃើញ​ការហើម​ប៉ោង ដោយក្រុម Liverpool គ្រោងនឹងពិនិត្យលម្អិត​ ចំពោះ​បញ្ហារបស់​​ខ្សែការពារស្តាំរូប​នេះនៅថ្ងៃចន្ទនេះ។

ការប្តូរចេញ​ សម្រាប់​ខ្សែការពារសញ្ជាតិអង់គ្លេសរូប​នេះ នៅវគ្គទី១ បានកើតឡើងបន្ទាប់ពីមានទម្រង់លេងដ៏គួរឱ្យខកចិត្ត ដោយ​រូប​គេ​មើល​ទៅរួម​ចំណែក​​មាន​កំហុសខ្លះ​ៗ​ដែរ ​សម្រាប់គ្រាប់បាល់ទាំង ២គ្រាប់​របស់ក្រុម Arsenal មុនឈប់​សម្រាកវគ្គទី ១។

តែ​ទោះ​ជាយ៉ាង​ណា​ក្ដី លោក Klopp បានសង្កត់ធ្ងន់ថា ការដកកីឡាករ Alexander-Arnold ត្រូវធ្វើ​ដោយ​បង្ខំ  ដូច​គ្នា​នឹង​ខ្សែប្រយុទ្ធ Luis Diaz ដែល​ត្រូវ​ប្ដូរ​ចេញ​មុនហ្នឹង​ទៀត ដោយសារ​មាន​របួស​ជង្គង់។

លោក Klopp បាននិយាយថា៖ «កីឡាករ Lucho (Diaz) យើងត្រូវតែផ្លាស់ប្តូរ មុន​ចប់វគ្គ​ទី ១ ដោយសារមាន​​អ្វីមិនស្រួល​ត្រង់ជង្គង់​។ រូប​គេ​​នឹង​មាន​ការ​ស្កែន ហើយ​បន្ទាប់​មក​យើង​នឹង​ដឹង​បន្ថែម​ទៀត។ ខ្ញុំ​មិន​ដឹង​ពី​កម្រិត​នោះ​ទេ ហើយ​បន្ទាប់​មកកីឡាករ​ Trent (Alexander-Arnold) គឺ​អាក្រក់​ដែរ ដោយមាន​បញ្ហា​កជើង​»។

«រូប​គេ​រមួលកជើង ពោល​គេមិនល្អទេ។ កីឡាករ Trent មិនធ្លាប់​បែប​នេះ​ឡើយ ក្នុង​រយៈពេល៧ឆ្នាំ ប្រសិនបើ​នៅ​អាចលេងបាន។ រូប​គេ​ឈឺខ្លាំងពេក ដោយ​វាចាប់ផ្តើមហើមប៉ោង​ភ្លាមៗ ដូច្នេះយើងនឹងត្រូវតែពិនិត្យ​មើល​ឱ្យ​លម្អិត»។ លោក​ Klopp បាន​បន្ថែម​៕