កីឡា

អ៊ីតាលីប៉ះអង់គ្លេស ខណៈបារាំងជួប​ហូឡង់ ក្រោយការ​ចាប់​ឆ្នោត​​វគ្គ​ជម្រុះ Euro 2024

សម្រាប់​វគ្គជម្រុះនៃ​​ការ​ប្រកួត​ប្រជែងជើងឯក​អឺរ៉ុប ឆ្នាំ២០២៤ (Euro 2024) នឹងមានភាព​ទាក់​ទាញ​ជាមិន​ខាន បន្ទាប់ពីក្រុម​ជម្រើស​ជាតិ​អ៊ីតាលី និង​អង់គ្លេស ដែល​បាន​ប៉ះគ្នា​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ កាល​ពីឆ្នាំ​កន្លង​ទៅ​​ ត្រូវ​មក​ស្ថិត​ក្នុងពូលតែមួយ​ជាមួយ​គ្នា​ ​​ ខណៈដែលក្រុម​ខ្លាំង​បារាំង និងហូឡង់ ក៏​ត្រូវ​ប្រឈម​គ្នាដែរ។

ការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប Euro 2024 ដែល​ប្រទេសអាល្លឺម៉ង់នឹងត្រូវធ្វើជាម្ចាស់ផ្ទះ​នៅចន្លោះថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បាន​ធ្វើការចាប់ឆ្នោតបែង​ចែក​ពូលរួច​រាល់​ហើយ កាល​ពីថ្ងៃអាទិត្យ ដោយក្រុមអ៊ីតាលី ដែល​ជាជើងឯកចាស់ ត្រូវ​ស្ថិតក្នុងពូល C ជាមួយអង់គ្លេស ដែលជាជើងឯករងចាស់ តាម​មក​ដោយ​អ៊ុយក្រែន សេដ្វាន​ខាងជើង និងម៉ាល់ត៍។

សរុប​លទ្ធផលចាប់ឆ្នោត សម្រាប់វគ្គជម្រុះតាមពូល Euro 2024 នៅក្រុង Frankfurt  ប្រទេសអាល្លឺម៉ង់ កាល​ពីថ្ងៃអាទិត្យទី៩ ខែតុលា៖

-ពូល A: អេស្ប៉ាញ ស្កុតឡេន ន័រវែស ហ្សកហ្ស៊ី និងស៊ីប

-ពូល B: ហូឡង់ បារាំង សា.អៀរឡង់ ក្រិក និងហ្ស៊ីប្រាល់តា

-ពូល C: អ៊ីតាលី អង់គ្លេស អ៊ុយក្រែន ម៉ាសេដ្វាន​ និងម៉ាល់ត៍

-ពូល D: ក្រូអាត វេលស៍ អាមេនី តួកគី និងឡេតូនី

-ពូល E: ​ប៉ូឡូញ សា.​ឆែក អាល់បានី កោះហ្វារ៉ូ និងម៉ុលដាវី

-ពូល F: បែលហ្ស៊ិក អូទ្រីស ស៊ុយអែត អាស៊ែបៃហ្សង់ និងអេស្តូនី

-ពូល G: ហុងគ្រី ស៊ែប៊ី ម៉ុងតេណេហ្គ្រោ ប៊ុលហ្គារី និងលីទុយអានី

-ពូល H: ដាណឺម៉ាក ហ្វាំងឡង់ ស្លូវេនី កាហ្សាក់ស្ថាន អៀរ​ឡង់​ខាងជើង និងសាន់ម៉ារីណូ

-ពូល I: ​ស្វីស អ៊ីស្រាអែល រូម៉ានី កូសូវ៉ូ បេឡារុស និងអង់ដូរ៉ា

-ពូល J: ព័រទុយហ្គាល់ បូស្នី អ៊ីស្លង់ លុចសំបួ ស្លូវ៉ាគី និងលិចតិនស្តាញ៕