ព័ត៌មានជាតិ

អ្នកស៊ីឈ្នួលជញ្ជូនអីវ៉ាន់នៅច្រកព្រំដែនព្រែកចាកសុំបន្ធូរបន្ថយពន្ធ

កំពត៖ ក្រុមអ្នកស៊ីឈ្នួលដឹកទំនិញតាមរ៉ឺម៉ក និងម៉ូតូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកខេត្តកំពត បានត្អូញត្អែរអំពីប្រាក់ចំណូលតិចតួចដោយសាររ៉ឺម៉កនិងម៉ូតូមានច្រើន ហើយមន្ត្រីគយរឹតបន្តឹងខ្លាំង។ពួកគាត់បានសំណូមពរឱ្យមានការបន្ធូរបន្ថយពន្ធសម្រាប់ពលរដ្ឋមានជីវភាពខ្វះខាត។

អ្នករស់នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកំពង់ត្រាច ខេត្តកំពត ស៊ីឈ្នួលដឹកទំនិញឆ្លងកាត់​ច្រកព្រំដែនបានរៀបរាប់ថា បច្ចុប្បន្នពលរដ្ឋដឹកទំនិញតាមរ៉ឺម៉ក និងម៉ូតូ មានប្រហែល២០ទៅ៣០គ្រឿង។ ប្រាក់ចំណូលមិនទៀងទាត់ទេ ថ្ងៃខ្លះបាន២ម៉ឺនទៅ៣ម៉ឺនរៀល។ ថ្ងៃខ្លះអត់សោះក៏ធ្លាប់មាន ។

ពួកគាត់បានឱ្យដឹងទៀតថា ប្រាក់ចំណូលមានការធ្លាក់ចុះដោយសារមន្ត្រីគយប្រចាំ​ច្រកទ្វារទារថ្លៃពន្ធខ្ពស់ពេក។ ក្នុងនោះទំនិញមួយកេសត្រូវបង់៥.០០០រៀល ខណៈដែលថ្លៃឈ្នួលដឹកបានត្រឹមតែ៧.០០០រៀលប៉ុណ្ណោះ។ ដូច្នេះពួកគាត់ស្នើសុំឱ្យមានការយោគយល់និងបន្ធូរបន្ថយការយកពន្ធចំពោះពលរដ្ឋដែលដឹកដោយរ៉ឺម៉ក ឬម៉ូតូផង។

ពាក់ព័ន្ធករណីខាងលើ មន្ត្រីគយប្រចាំច្រកទ្វារបានឱ្យដឹងថា គយទាំងអស់នៅច្រកទ្វារព្រែកចាក​តែងបំពេញតួនាទីតាមច្បាប់ដែលបានកំណត់។ ការយកពន្ធលើមុខទំនិញធ្វើទៅតាមក្នុងប្រព័ន្ធរបស់​ច្បាប់ដោយមុខទំនិញនីមួយៗសុទ្ធតែមានលេខកូដតម្លៃពន្ធរួចជាស្រេច មិនមែនអាចធ្វើតាមចិត្តនឹកឃើញនោះទេ។

មន្ត្រីដដែលបានបន្តថា យ៉ាងណាក៏ដោយចុំពោះប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន​ដែលមានជីវភាពខ្វះខាតរកស៊ីដឹកទំនិញដើម្បីចិញ្ចឹមគ្រួសារគឺមន្ត្រីគយមានការយោគយល់ណាស់ ហើយមិនតម្រូវឱ្យបង់ពន្ធនោះទេ៕ដោយ៖កំចាយ