ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលថាមិនមានការរុះរើផ្ទះពលរដ្ឋ ចំនួន៦ភូមិនៅក្នុងឃុំព្រះដាក់ទេ

សៀមរាប៖លោកជា សុផារ៉ានិងប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លី​ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា៖មិនមានការតម្រូវឱ្យប្រជាពលរដ្ឋចំនួន៦ភូមិនៅក្នុងឃុំព្រះដាក់នៃស្រុកបន្ទាយស្រី ដែលកំពុងរស់នៅក្នុងតំបន់បារាយណ៍ខាងកើតរបស់អតីតក្រុងអង្គររុះរើ ចេញទេ។

លោក ជា សុផារ៉ា បានបញ្ជាក់ដូចនេះ  នៅក្នុងពេលដែលរូបលោក ជាមួយនិងលោក ជំទាវ បណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារ​តម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានចុះទៅជួបនិងពន្យល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រស់នៅក្នុងឃុំព្រះដាក់ ដែលកំពុងតែមានការព្រួយបារម្ភ ខ្លាចក្រែងមានការបញ្ជាឱ្យពួកគេរុះរើលំនៅឋាន ដែលធ្លាប់រស់នៅតជំនាន់ជាយូរមកហើយ ដោយប្ដូរឱ្យទៅកន្លែងផ្សេងវិញនោះ។

លោកថា កុំមានការព្រួយបារម្ភ ពីព្រោះរដ្ឋាភិបាលគ្មានគោលការណ៍ ឱ្យប្រជាពលរដ្ឋរុះរើលំនៅឋាន ចាកចេញទៅរស់នៅកន្លែងផ្សេងដូចក្រុមប្រជាពលរដ្ឋជាង៦០០០គ្រួសារ ដែលបានស្ម័គ្រចិត្ត​ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ហើយទៅរស់នៅតំបន់ថ្មីឯភូមិរុនតាឯកនោះឡើយ។

ទីតាំងរបស់ឃុំព្រះដាក់ បច្ចុប្បន្នគឺជាតំបន់បារាយណ៍ខាងកើត របស់អតីតក្រុងអង្គរ ដែលស្ដុកទឹក​ប្រមាណ៣០លានម៉ែត្រគូប សម្រាប់ផ្សើមដី ដើម្បីជួយគ្រឹះអង្គរឱ្យរឹងមាំផងនិងស្ដុកទឹក​សម្រាប់ប្រើប្រាស់សម្រាប់ក្រុងអង្គរ កាលពីសម័យបុរាណផង។សព្វថ្ងៃនេះនៅក្នុងឃុំព្រះដាក់ គឺមានប្រជាពលរដ្ឋរស់នៅចំនួន៦ភូមិ  ដូចជាភូមិព្រះដាក់ ភូមិតាត្រៃ ភូមិថ្នល់បណ្ដោយភូមិថ្នល់ទទឹង ភូមិតាកុសនិងភូមិអូរទទឹង។

តាំងតែពី៣ថ្ងៃមុនរហូតមកដល់ពេលនេះ ក្រុមអ្នកភូមិច្រើនពាន់នាក់ បាននាំគ្នាលើកបដាតវ៉ា មិនព្រមចាកចេញពីភូមិដែលពួកគេធ្លាប់រសនៅជាយូរមកហើយនោះឡើយ។

ដើម្បីឆ្លើយតបនិងការព្រួយបារម្ភ របស់ប្រជាពលរដ្ឋនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថារដ្ឋាភិបាលមិនមានគំរោងឱ្យប្រជាពលរដ្ឋ ដែលកំពុងរស់ក្នុងឃុំព្រះដាក់ទាំងអស់រុះរើលំនៅចាកចេញ ដើម្បីយកទីតាំងនោះ រៀបចំបារាយណ៍ឡើងវិញទេ។

លោកជា សុផារ៉ានិងប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លី​ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា លោក ជា សុផារ៉ា បានបញ្ជាក់ថាចំពោះ បារាយណ៍ខាងកើត ដែលត្រូវរៀបចំឡើងវិញឱ្យដូចកាលពី​សម័យអង្គរនោះ គឺក្រុមការងារនិងសិក្សាទៅតាមភាពជាក់ស្ដែង តែកន្លែងដែលត្រូវស្ដុកទឹកប៉ុណ្ណោះ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ រុះរើផ្ទះចាកចេញទេ។ នៅក្នុងចំណោមប្រជាពលរដ្ឋ​ទាំង៦ភូមិ ដែលរស់នៅក្នុងឃុំព្រះដាក់នោះ គឺមានផ្ទះប្រហែលជា២០ខ្នង កំពុងរស់នៅក្នុងបាត​បារាយណ៍ ដែលក្រុមការងារនឹងសម្របសម្រួលជាមួយគ្រួសារប៉ះពាល់ទាំងនោះ ថាតើគួរប្ដូរទីតាំងមក​រស់នៅលើគោកវិញឬក៏យ៉ាងណា ប្រសិនបើមានដីផ្សេង?

ថ្វីត្បិតតែរដ្ឋាភិបាលនិងក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មិនតម្រូវឱ្យប្រជាពលរដ្ឋ​ទាំងអស់ដែលកំពុងរស់នៅក្នុងឃុំព្រះដាក់មិនរុះរើលំនៅឋានចាកចេញ ពីតំបន់ការពារបេតិកភណ្ឌ​ទៅរស់នៅតំបន់ផ្សេងក៏ដោយ ក៏ក្រុមការងារមានលក្ខណ្ឌមួយចំនួន តម្រូវឱ្យប្រជាពលរដ្ឋទាំងនោះ រួមគ្នាជួយការពារតំបន់បេតិកភណ្ឌផងដែរ។

លក្ខណ្ឌទាំងនោះ មានដូចជា សូមឱ្យប្រជាពលរដ្ឋជួយទប់ស្កាត់អ្នកចំណូលថ្មីកុំឱ្យមក​រស់នៅ​ក្នុងឃុំព្រះដាក់ កុំឱ្យមានសំណង់ថ្មីនៅលើទឹកដីចាស់ សូមកុំពុះជ្រៀកដីដែលនៅក្បែរប្រាសាទបុរាណ ចែកទៅឱ្យកូនៗធ្វើជាកម្មសិទ្ធិនិងសូមកុំឱ្យប្រជាពលរដ្ឋលក់ដូរដីធ្លី របស់ខ្លួនទៅឱ្យអ្នកមកពីចម្ងាយ​ជាដើម៕