ព័ត៌មានជាតិ

ឧត្តមមន្ត្រីបរិស្ថានអាស៊ានកំពុងជួបប្រជុំគ្នានៅខេត្តសៀមរាប

ឧត្តមមន្ដ្រីផ្នែកបរិស្ថានរបស់ប្រទេសជាសមាជិកប្រជាជាតិអាស៊ីអគ្នេយ៍ ដែលហៅកាត់ថា(អាស៊ាន)ដោយមានទាំងប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង ប្រទេសចិន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ានផងបានជួបប្រជុំលើកទី៣៣ នៅឯខេត្ដសៀមរាបនៅថ្ងៃទី៥ខែតុលាឆ្នាំ២០២២។

កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន បូកនិងចិន ជប៉ុន កូរ៉េខាងត្បូងផងនេះ  ក្នុងគោលបំណងពិនិត្យមើលពីវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការ នៃរដ្ឋដែលជាសមាជិកអាស៊ាន ដែលបានឯកភាពគ្នានៅក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ និងបន្តពង្រឹងពង្រីកភាពជាដៃគូ រវាងអាស៊ានបូក៣ ឱ្យកាន់តែល្អប្រសើរថែមទៀតតាមតម្រូវការលើក្របខ័ណ្ឌនៅក្នុងតំបន់ខាងវិស័យបរិស្ថាន។ ក្នុងនោះដែរ ក៏មានកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន-អាមេរិកនិងកិច្ចប្រជុំអាស៊ាន-អឺរ៉ុបផងដែរ ដើម្បីពិភាក្សាគ្នាស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌតំបន់ជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប។

កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ឧត្តមមន្ត្រីបរិស្ថាននៃប្រទេសមីយ៉ាន់ម៉ា លោកបណ្ឌិត San Oo អគ្គនាយករង នៃក្រសួងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៃប្រទេសមីយ៉ាន់ម៉ា ជាប្រធានដឹកនាំកិច្ចប្រជុំ បានពិនិត្យនិង ពិភាក្សាលើរបាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ាន ផ្តោតទៅលើសេចក្តីព្រាងរបាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣១ ឆ្នាំ២០២០ ។ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣២ ឆ្នាំ២០២១ និងសេចក្តីព្រាងរបាយការណ៍នៃកិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានលើកទី៣៣ ឆ្នាំ២០២២៕