សេដ្ឋកិច្ច

សៀមរាប បាន​ត្រូវ​ជ្រើសរើស​ជាទី​ក្រុង​សាកល្បង​លើ​ការគ្រប់គ្រងសំណល់រឹង​ប្រកបដោយ​និរន្តរភាព

​សៀមរាប​៖​គម្រោង​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់​(GIZ) បានជ្រើសរើស​ខេត្ត​ចំនួន​៣ ក្នុងប្រទេស​អាស៊ាន រួមមាន ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា , ខេត្ត វ៉ាង​វៀង ប្រទេស​ឡាវ និង​ខេត្ត ដា​ឡា​ត ប្រទេស​វៀតណាម ជាទី​ក្រុង​សាកល្បង​លើ​ការគ្រប់គ្រង​ប្រកប​ដោយ​និរន្តរភាព ។

​លោក យុន លីន​ណេ អភិបាលរង​ខេត្តសៀមរាប បាន​ថ្លែង អំណរគុណ​និង​សាទរ​ចំពោះ​គម្រោង​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់​ដែល​បាន ជ្រើស​រើសយក​ខេត្តសៀមរាប ជា​ក្រុង​អនុវត្ត​សាកល្បង លើ​ការគ្រប់គ្រង​កាកសំណល់​រឹង ព្រមទាំង​គាំទ្រ​ការអនុវត្ត​ការគ្រប់គ្រង​សំណល់​ប្រកបដោយ​និរន្តរភាព​។​

លោក Frank Jattke នាយក​គម្រោង​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់​( giz ) បាន​បញ្ជាក់ថា គម្រោង​នេះ មាន​គោលបំណង​ចូលរួម​ចំណែក ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​គុណភាព​បរិស្ថាន​ក្នុង​ក្រុង​ទេសចរណ៍​ខ្នាត មធ្យម​នៅក្នុង​តំបន់​អាស៊ាន​។ តាមរយៈ​ការពង្រឹង​សមត្ថភាព​នែ​ការ​ទុកដាក់​សំណល់ ចុងក្រោយ និង ការកែច្នៃ​ឡើងវិញ ប្រកបដោយ​ប្រសិទ្ធភាព ។ ម្យ៉ាងទៀត​គម្រោង​នេះ ត្រូវ​បានផ្តល់​មូលនិធិ​ដោយ​ក្រសួង​សហព័ន្ធ​សម្រាប់​កិច្ច​សហប្រតិបត្តិ ការ​សេដ្ឋកិច្ច និង អភិវឌ្ឍន៍ ដែល​អនុវត្ត​ដោយ​ភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់​( giz ) ក្នុង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន ។

​លោក​បន្តទៀតថា គម្រោង​នេះ ក៏បាន​រួមចំណែក​ដល់​ការសម្រេចបាន​នូវ​គោលដៅ​របស់​អាស៊ាន ដូច​បានចែង​ក្នុង​ផែនការមេ របស់​សហ​គ​មន៍​សង្គម​វប្បធម៌​អាស៊ាន ឆ្នាំ​២០២៥ ។ កា​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សំណល់​រឹង និង ការកែច្នៃ​ឡើងវិញ​ប្រកប​និរន្តរភាព និង គិតគូរ​ពី​តួនាទី​របស់​យេនឌ័រ នៅក្នុង​ទីក្រុង ទេសចរណ៍​គោលដៅ ៕ដោយៈផាវី