ព័ត៌មានជាតិ

ផ្លូវមាត់ស្ទឹងសង្កែផ្អាករថយន្តធំឆ្លងកាត់ពេលទឹកជំនន់ហក់ឡើងខ្លាំង

បាត់ដំបង៖កំណាត់ផ្លូវទីប្រជុំជនស្រុក-ក្រុងត្រើយខាងកើតស្ទឹងសង្កែជាច្រើនកន្លែងបានផ្អាកមិនឱ្យរថយន្តធំបើកឆ្លងកាត់បណ្តោះអាសន្ន ពេលទឹកជំនន់កំពុងហក់ឡើងខ្លាំង។

សមត្ថកិច្ចប្រចាំការបានឱ្យដឹងថា  ដោយស្ថានភាពទឹកជំនន់បានជន់ឡើងខ្ពស់ ពិសេសនៅតាមមាត់ស្ទឹង​សង្កែត្រើយខាងកើត។នៅព្រឹកថ្ងៃទី៥  ខែតុលានេះ អាជ្ញាធរបានបិទកំណាត់ផ្លូវ មួយចំនួន ក៏ដូចជាទីតាំងខ្លះទៀតដាក់សញ្ញាឱ្យប្រជាពលរដ្ឋឆ្លងកាត់ត្រូវបង្កើនការប្រុងប្រយ័ត្ន។

កំណាត់ផ្លូវដែលផ្អាកការធ្វើចរាចរនេះមានប្រវែងជាច្រើនរយម៉ែត្រ ក្នុងភូមិនរា២ ឃុំនរា ស្រុកសង្កែ  ត្រង់ភូមិសុភី១ ក្នុងសង្កាត់រតន: ក្រុងបាត់ដំបងនិងកំណាត់ផ្លូវជាច្រើនរយម៉ែត្រទៀតនៅប៉ែក​ខាងក្រោម។

ព្រឹកថ្ងៃទី៥ ខែតុលា ដដែលជំនន់ទឹកស្ទឹងបានឡើងហូរចាក់ចូលព្រែកជាបណ្តើរៗហើយ រួមទាំងប៉ះពាល់ផ្លូវភូមិ លំនៅឋានពលរដ្ឋជាច្រើនខ្នង។ក្នុងនោះបង្កការជន់លិចផ្សារបឹងឈូក​កណ្តាលក្រុង​បាត់ដំបងដោយសារជំនន់ហូរបុកខ្លាំងតាមប្រព័ន្ធលូនានា៕ដោយ: ព្រះអង្គខ្មៅ