សេដ្ឋកិច្ច

និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម ទុកពេល​បន្ថែម ១០​ថ្ងៃ​ទៀត ឲ្យ​អង្គ​ភាពមិន​ស្វែងរក​ប្រាក់ចំណេញ បញ្ជូន​របាយការណ៍​ហិរញ្ញវត្ថុ ឆ្នាំ​២០២១

​ភ្នំពេញ​៖ និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម (​ន​.​គ​.​ស​.) បានប្រកាស​ទុកពេល​បន្ថែម ១០​ថ្ងៃ​ទៀត ឲ្យ​អង្គ​ភាពមិន​ស្វែងរក​ប្រាក់ចំណេញ បញ្ជូន​របាយការណ៍​ហិរញ្ញវត្ថុ ឆ្នាំ​២០២១​។ នេះ​បើតាម​សេចក្តីជូនដំណឹង ស្តីពី​ការបិទ​បញ្ចប់​នៃ​ការទទួល​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២១ សម្រាប់​អង្គភាព​មិន​ស្វែងរក​ប្រាក់ចំណេញ ។​

​សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹងថា កន្លងមក ន​.​គ​.​ស​. បាន​សង្កេតឃើញថា​អង្គភាព​មិន​ស្វែងរក​ប្រាក់ចំណេញ​ភាគច្រើន​បានដាក់​បញ្ជូន​របាយការណ​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២១ ទៅ ន​.​គ​.​ស​. រួចរាល់​ជា​ស្ថាពរ និង​មាន​អង្គ​ភាពមិន​ស្វែងរក​ប្រាក់ចំណេញ​មួយចំនួន​បាន​កំពុង​ចូល​ប្រើប្រាស់​ប្រព័ន្ធ (E-Filing for NFPEs)​ក្នុងការ​ស្នើសុំ​លេខ​អត្តសញ្ញាណ​កម្ម​រាយការណ៍​ហិរញ្ញវត្ថុ (FIN) មិនទាន់​បញ្ចប់​និតិ​វិធី​បាន​នៅឡើយ ដោយសារ​កង្វះ​ការយល់ដឹង​ពី​របៀប​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​។​

​ដើម្បី​សម្រួល​ដល់​អង្គ​ភាពមិន​ស្វែងរក​ប្រាក់ចំណេញ ដែល​មិនអាច​ដាក់​បញ្ជូន​របាយ​ការណ៍​ហិរញ្ញវត្ថុ​មក ន​.​គ​.​ស​. ទាន់ពេល​កំណត់ ន​.​គ​.​ស​.​សម្រេច​ផ្ដល់​ពេលវេលា​បន្ថែម រយៈពេល​១០​ថ្ងៃ ដូចខាងក្រោម​៖
* អង្គភាព​មិន​រង​សវនកម្ម​ឯករាជ្យ​៖ ត្រូវដាក់​បញ្ជូន​របាយ​ការណ៍​ហិរញ្ញវត្ថុ​ឆ្នាំ​២០២១ មក ន​.​គ​.​ស​. តាម​ប្រព័ន្ធ​អន​ឡាញ (E-Filing for NFPEs) ឱ្យបាន​រួចរាល់ ត្រឹម​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២​។​
* អង្គភាព​រង​សវនកម្ម​ឯករាជ្យ​៖ ត្រូវដាក់​បញ្ជូន​របាយ​ការណ៍​ហិរញ្ញវត្ថុ​ឆ្នាំ​២០២១ ដែល​រង​សវនកម្ម​ឯករាជ្យ​រួចមក ន​.​គ​.​ស​. តាម​ប្រព័ន្ធ​អន​ឡាញ (E-Filing for NFPEs) ឱ្យបាន​រួចរាល់ ត្រឹម​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២​។​

​ករណី​អង្គភាព​ដែល​មិនអាច​ដាក់​បញ្ជូន​របាយ​ការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​មក ន​.​គ​.​ស​. ទាន់ពេល​កំណត់​ខាងលើ អាចដាក់​លិខិត​ស្នើសុំ​ពេលវេលា​បន្ថែម​ពី ន​.​គ​.​ស​. ដោយ​ត្រូវ​បញ្ជាក់​ពី​ហេតុផល​សមស្រប​ឱ្យបាន​មុន​កាលបរិច្ឆេទ​បិទ​បញ្ចប់​នៃ​ការទទួល​របាយការណ៍​ហិរញ្ញវត្ ថុ​ប្រចាំឆ្នាំ​។ ន​.​គ​.​ស​.​នឹង​ពិនិត្យ​និង​ផ្តល់​ការសម្រេច​លើ​សំណើ​នីមួយៗ​ផ្អែក​តាម​ហេតុផល​និង​ទិដ្ឋភាព​ជាក់ស្តែង​។​

​ការខកខាន ឬ​ការយឺតយ៉ាវ​មិនបាន​ដាក់​បញ្ជូន​របាយ​ការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ មក ន​.​គ​.​ស​. តាម​កាលបរិច្ឆេទ​ដូច​បានកំណត់​ខាងលើ​ជា​កម្មវត្ថុ​នៃ​ការពិន័យ​អន្តរការណ៍​ដូច​បានកំណត់​នៅក្នុង​អនុក្រឹត្យ​លេខ ៧៩ អនក្របកចុះ​ថ្ងៃទី​១ខែមិថុនាឆ្នាំ​២០២០ស្តីពី​ពិន័យ​អន្តរការ ណ៍ ចំពោះ​អំពើ​ល្មើស​ទៅនឹង​ច្បាប់​ស្តីពី​គណនេយ្យ​និង​សវនកម្ម នឹង​អាចមាន​វិធានការ​រដ្ឋា​បាល​ផ្សេងទៀត ដោយ​អនុលោម​តាមច្បាប់​និង​បទ​ប្ប​ញ្ញាតិ​ពាក់ព័ន្ធ​ជា​ធរមាន​៕​ដោយៈសិរីមតី