សេដ្ឋកិច្ច

គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ខ្នាតតូច​ជាង ៣០០​គម្រោង ត្រូវបាន​អនុញ្ញាត នៅក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ

ភ្នំពេញ​៖  គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២២​នេះ មាន​គម្រោង​វិនិយោគ អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ខ្នាតតូច​ចំនួន ៣០៧​គម្រោង និង​មាន​ផ្ទៃដី​២,៦៧០​ហិកតា ត្រូវបាន​ក្រសួងបរិស្ថាន អនុញ្ញាត​នៅក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​កម្ពុជា​។​

​ក្រោម​ក្របខណ្ឌ​គម្រោង «​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា​» តាមរយៈ​ហិរញ្ញប្បទាន​ឥណទាន​ពី​ធនា​ការ​ពិភព​លោក ក្រសួងបរិស្ថានបាន​នឹង​កំពុង​រៀបចំ​ប្រកាស​សំខាន់ៗ​ចំនួន​៣រួមមាន​ទី​១៖ប្រកាស​ស្តីពី​គោលការណ៍​ណែនាំ​ក្នុងការ​អនុវត្ត​គម្រោង​​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ខ្នាតតូច ដែលមាន​ទំហំ​ផ្ទៃដី​ក្រោម ១០​ហិកតា ស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ ដោយ​រៀបចំ​កិច្ចសន្យា​ប្រើប្រាស់​ទីតាំង​ដី​ក្នុង​រយៈពេល​មិន​លើសពី​១៥​ឆ្នាំ​, ទី​២៖ ប្រកាស​ស្តីពី គោលការណ៍​ណែនាំ​ក្នុងការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ខ្នាត​ធំ ដោយ​រៀបចំ​កិច្ចសន្យាជួល​ទីតាំង​ដី​ក្នុង​រយៈពេល​មិន​លើសពី​៥០​ឆ្នាំ និង​៣៖ ប្រកាស​ស្តីពី​ការ​រៀបចំ និង​ផ្តល់​សេវាកម្ម​សហគមន៍​ទេសចរណ៍ធម្មជាតិ​ស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​។​

​ដើម្បី​ជំរុញ​សកម្មភាព​នេះ ឱ្យ​ទទួលបាន​ជោគជ័យ នៅ​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២២​នេះ ក្រសួងបរិស្ថាន​ក៏បាន​ប្រកាស​ដាក់ឱ្យអនុវត្ត​នូវ​គោលការណ៍​ណែនាំ​ក្នុងការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ខ្នាតតូច​ដែលមាន​ទំហំ​ផ្ទៃដី​ក្រោម ១០​ហិកតា ស្ថិត​នៅក្នុង​តំបន់ការពារធម្មជាតិនិង​របៀង​អភិរក្ស​ជីវៈចម្រុះ​។ ក្រសួងមាន​គោលបំណង​ផ្តល់​ការណែនាំ បង្កលក្ខណៈ​ងាយស្រួល និង​សម្រប​សម្រួល​​ដល់​ម្ចាស់​សំណើ និង​ម្ចាស់​គម្រោង​អំពី​នីតិវិធី​និង​ដំណើរការ​អនុវត្ត​គ​ម្រោ​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ខ្នាតតូច​ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​និង​កំណត់​វិសាលភាព​នៃ​ការអនុវត្ត​លើ​គម្រោង​ដែលមាន​ទំហំ​ដី​មិន​លើសពី​១០​ហិកតា ដោយ​ប្រើប្រាស់​លក្ខណៈវិនិច្ឆ័យ​ជា​ឧបករណ៍​ក្នុងការ​វាយតម្លៃ​លើ​គ្រប់​ទិដ្ឋភាព​ពាក់ព័ន្ធ​។​

​បើតាម​លោក រ័ត្ន វិ​រៈ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានឱ្យដឹងថា ដើម្បី​សម្រេចបាន​នូវ​បំណង​ជា​យុទ្ធសាស្ត្រ​ខាងលើ ក្រសួងបរិស្ថាន​បាននិងកំពុង​បន្ត​ការធ្វើ​ទំនើបកម្ម ស្ថាប័នកែសម្រួល របៀប របប​ការងារ រដ្ឋបាល​ទំនើប និង​ការគ្រប់គ្រង ហិរញ្ញវត្ថុ ធ្វើ​ប្រតិភូកម្ម​អំណាច​​និង​ផ្ទេរ​មុខងារ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពង្រឹងសមត្ថភាព​មន្ត្រី​រាជការ ឧ​ទ្យា​នុ​រក្ស ទាំង​បរិមាណ និង​គុណភាព កសាង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​រូបវ័ន្ត ពង្រឹង​ការអនុវត្ត​ច្បាប់ និង​លើកកម្ពស់​ជីវភាព​និង​សុខុមាលភាព​មន្ត្រីរាជកា​រ​។ បច្ចុប្បន្ន ក្រសួងបរិស្ថាន​បាន​និង កំពុង​យក​ចិត្ត​ទុក​យ៉ាងខ្លាំងក្នុង​បន្ត​ការពង្រឹង ក្របខណ្ឌ​ច្បាប់​ក្នុង​វិស័យ បរិស្ថាន ដោយ​បាននិងកំពុង​ជំរុញ​ការងារ​រៀបចំ​កែសម្រួល​និង​ធ្វើ​សមាហ​រណកម្ម​ច្បាប់ ដែលមាន​ស្រាប់​ឱ្យទៅជា «​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​» រួម​តែមួយ​ដែល​កិច្ចការ​នេះ​កំពុង​បន្ត​បញ្ចប់​។

​​ជាមួយគ្នានេះដែរ លោក​បាន​បន្តថា ក្រសួងបរិស្ថាន​ក៏បាន និង​កំពុង​រៀបចំ​សេចក្តីព្រាង​លិខិត បទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​នឹង​ការគ្រប់​គ្រង​​គុ​ណភាព​បរិស្ថាន ការគ្រប់គ្រង​សំណល់​រឹង​រាវ ការគ្រប់គ្រង តំបន់ការពារធម្មជាតិ ការអភិរក្ស ជីវៈចម្រុះ និង​ការងារ​អប់រំ​បរិស្ថាន ដែល​ក្នុងនោះ​មាន​យុទ្ធសាស្ត្រ និង​ផែនការ សកម្មភាព បរិស្ថាន​ជាតិ ២០១៦-២០២៣ (NESAP) និង​ផែនការ​ជាតិ​គ្រប់គ្រង​តំបន់ការ​ពារធម្មជាតិ ២០១៦-២០៣០ (NPASMP) និង​ការដាក់បញ្ចូល​គោលដៅ គោលបំណង និង​សកម្មភាព​ពាកព័ន្ធ​វិស័យ​បរិស្ថាន​ទៅក្នុង​ដំណើរ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (NSDP) និង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព (SDG)​៕ដោយ ៖ផាវី​