ព័ត៌មានជាតិ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមពូជស្រូវនិងគ្រាប់បន្លែចែកជូនកសិករដាំដុះក្រោយពីទឹកជំនន់

សៀមរាប៖​ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប លោក ទា គឹមសុទ្ធ ឱ្យដឹងថា រហូតមកដល់ថ្ងៃទី៣ ខែតុលាឆ្នាំ២០២២ កម្រិតទឹកជំនន់ដោយសារតែភ្លៀងខ្លាំង ហូរចុះពីតំបន់ជួរភ្នំដងរែក គឺនៅតែហក់ឡើងខ្ពស់នៅឡើយនៅក្នុងស្រុកស្រីស្នំ របស់ខេត្តសៀមរាប ដែលជាប់ព្រំប្រទល់គ្នានឹងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

មន្ត្រីដដែលឱ្យដឹងទៀតថា ទឹកជំនន់ដែលកំពុងជន់លិចជាច្រើនថ្ងៃមកហើយនោះ អាចនឹងធ្វើឱ្យដំឡូងមីជាច្រើនពាន់ហិកតានៅស្រុកវ៉ារិននិងស្រុកស្រីស្នំ អាចខូចខាត ឯស្រុកចំនួន៧ផ្សេងទៀតដែលទឹកកំពុងជន់លិចដំណាំស្រូវដែរនោះអាចមិនទាន់ខូចខាតនៅឡើយទេ។

តាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នៃរដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃ២ ខែតុលា ឱ្យដឹងថា តាំងតែពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលាឆ្នាំ២០២២ ជំនន់ទឹកភ្លៀងក្នុងខេត្តសៀមរាប បណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន២៥.២៣៣គ្រួសារ ភូមិចំនួន៣២៥ភូមិ ឃុំចំនួន៦៣ នៃស្រុកចំនួន៩ រួមមានស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ។

គ្រោះធម្មជាតិទឹកជំនន់នេះ ធ្វើឱ្យប៉ះពាល់ស្រូវពង្រោះចំនួន ៣២.៦៥៣ហិកតា ប៉ះពាល់ដំឡូងមី ចំនួន ៤.៦២៦ហិកតា ប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្នែកដូចជាលិចបរិវេណផ្ទះកម្រិតស្រាលចំនួន ៦.៨០២ខ្នង និងធ្ងន់ចំនួន២៩ខ្នង។បញ្ហាទឹកជំនន់នេះដែរ បានធ្វើឱ្យលិចផ្លូវប្រវែងសរុប១៦៣.៧៤១ម៉ែត្រ និងខូចខាតប្រវែង៥.២៦៤ម៉ែត្រ លិចខ្នងទំនប់ ខ្នងប្រឡាយប្រវែង២១.៣២៧ម៉ែត្រ និងខូចខាត ប្រវែង៩៥ម៉ែត្រ។លិចស្ពាន៣កន្លែង និងខូចខាតប្រវែង១៦ម៉ែត្រ។ជាមួយគ្នានេះដែរ ទឹកជំនន់បានសម្លាប់សត្វគោ១ក្បាលនិងបណ្ដាលឱ្យសត្វមាន់និងទាងាប់ចំនួន ៦៧៦ក្បាល។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប លោក ទា គឹមសុទ្ធ មានប្រសាសន៍ថា៖ ដោយសារតែខេត្តសៀមរាប កំពុងរងគ្រោះដោយទឹកជំនន់នេះ គឺគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមទុកពូជស្រូវ គ្រាប់បន្លែជាច្រើនប្រភេទ រួមទាំងថ្នាំសម្លាប់ សត្វកណ្ដុរផង ដើម្បីចែកជូនដល់កសិករ ឱ្យបង្កបង្កើនផលឡើងវិញ បន្ទាប់ពីទឹកជំនន់បាន ស្រកអស់ទៅ។ បន្ថែមលើនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏បានត្រៀមវ៉ាក់សាំងនិងថ្នាំបង្ការ ដើម្បីចុះចាក់និងព្យាបាលសត្វ ជូនកសិករផងដែរ៕