សេដ្ឋកិច្ច

កំណើន​យានយន្ត​ធ្វើ​ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ កើនឡើង ៦០%​ធៀប​នឹង​តួលេខ​ថ្ងៃ​ទីមួយ​

​ភ្នំពេញ​៖​ប្រភព​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កាលពី​រសៀល​ថ្ងៃទី​៣​ខែតុលា គិត​ចាប់ពី​ម៉ោង ៧:០០​នាទី​ព្រឹក ថ្ងៃទី​០២ ដល់​ម៉ោង ៧:០០​នាទី​ព្រឹក ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២២​មាន​យានយន្ត​ចំនួន ១៤.៣២២ គ្រឿង​បានធ្វើ​ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។​

​ប្រភព​ដដែល​បានឱ្យដឹងថា​៖​តួលេខ​នេះ​បានបង្ហាញ​ឱ្យឃើញ​ពី​កំណើន​នៃ​ការធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​ក្នុង​ថ្ងៃទី​ពីរ នៃ​ការដាក់ឱ្យ​ដំណើរ​សាកល្បង ដែល​ស្មើនឹង​ជាង ៦០% បើ​ធៀប​នឹង​តួលេខ​ពី​ម្សិលមិញ​។ នេះ​ជាស​ញ្ញាណ​វិជ្ជមាន​មួយ​បង្ហាញថា ផ្លូវ​ល្បឿន​លឿន​ជម្រើស​ប្រសើរ​មួយ​សម្រាប់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ផងដែរ​។​

សូម​ជម្រាបជូន​ដែរ​ថា​៖ ក្នុងចំណោម​យានយន្ត​ដែល​បាន​ចរាចរ ក្នុង​ថ្ងៃទី​២​នេះ មាន​ករណី​ដែល​ត្រូវការ ការប្រឹក្សា​យោបល់ សាកសួរ​ព័ត៌មាន និង​ស្វែងរក​ជំនួយ​សង្គ្រោះ សរុប​មាន​ចំនួន ៥៣​ករណី ដែល​បានធ្វើ​ការទាក់ទង​ទៅកាន់​លេខ​១៣៩៩ ក្នុង​ថ្ងៃនោះ​។​

​គួរបញ្ជាក់​ផងដែរ​ថា​៖ ការបើកបរ​លើផ្លូវ​ល្បឿន​លឿន តម្រូវឱ្យ​អ្នកបើកបរ និង​អ្នករួមដំណើរ​ទាំងអស់ ចូលរួម​សហការ​ក្នុងការ​ស្វែងយល់​ឱ្យបាន​ល្អិតល្អន់​ពី​សេចក្តីណែនាំ និង​អនុវត្ត​ឱ្យបាន​ម៉ឹងម៉ាត់​ចំពោះ​លក្ខខណ្ឌ​ក្នុង​ការបើកបរ​លើផ្លូវ​នេះ ហើយ​ជាពិសេស​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ទើប​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រកប ដោយ​ភាពសប្បាយ​រីករាយ និង​សុខ​សុវត្ថិភាព​៕​ដោយៈផាវី