សេដ្ឋកិច្ច

កម្ពុជាធ្វើជា​ម្ចាស់ផ្ទះ​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុ​ជា២០២២​អមកិច្ចប្រជុំ​កំពូល​អាស៊ាន

​ភ្នំពេញ​៖​កម្ពុជា​នឹង​រៀបចំពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា២០២២ (Cambodia Tech Expo 2022:CTX 2022) ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​និង​នៅ Factory Phnom Penh ។​នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នា​រសៀល​ថ្ងៃទី​៣​ខែតុលា​។​

​ប្រភព​ដដែល​នេះ បានឱ្យដឹងថា​៖​ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា២០២២ ជា​កម្មវិធី​ដ៏​ធំ​មួយ​ដែល​រៀបចំឡើង​អម​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះនិង​ជា​កម្មវិធី​ឈានមុខ​គេ​ប្រចាំឆ្នាំ​លើក​ទី​១ របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​គោលបំណង​បង្កើត​ថ្នាល​​បច្ចេកវិទ្យា​ថ្នាក់ជាតិ ដើម្បី​៖
១.​កៀរគរ​រដ្ឋ​សមាជិក​អាស៊ាន រដ្ឋាភិបាល វិស័យ​ឯកជន ស្ថាប័ន​ស្រាវជ្រាវ ដៃគូ​អភិវឌ្ឍន៍ និង​សង្គម​ស៊ីវិល ដើម្បី​សហការ ចែករំលែក​បទ​ពិសោធ​ន៍ និន្នាការ​ថ្មីៗ បញ្ហា​ប្រឈម និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤​។
២.​បង្ហាញ​អំពី​វឌ្ឍនភាព​គោលនយោបាយ និង​ក្របខណ្ឌ​គតិយុត្ត ជាពិសេស​ផលិតផល​និង​សេវា​បច្ចេកវិទ្យា​នានា​។
៣. ឆ្លុះបញ្ចាំង​អំពី​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយ​អំណោយផល​និង​ទាក់ទាញ ព្រមទាំង​ចាប់យក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​កម្ពុជា​។
៤. អភិវឌ្ឍ​បណ្តាញ​អាជីវកម្ម​រវាង​ធុរកិច្ច​បច្ចេកវិទ្យា​ថ្មី សហគ្រាស​ធុន​តូច​និង​មធ្យម ឧស្សាហកម្ម និង​វិនិយោគ​។​
៥. ចាប់យក​សក្តានុពល​នៃ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​
៦. លើកកម្ពស់​ការយល់ដឹង និង​បង្កើត​សំណើ​រួម ក្របខណ្ឌ និង​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​រួម ជាដើម​។​

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឱ្យដឹងថា​៖​កម្មវិធី​ចម្បងៗ​ក្នុង ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា ២០២២​រួមមាន​៖​វេទិកា​កិច្ចសន្ទនា រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​តំណាង​វិស័យ​ឯកជន​-​អ្នកស្រាវជ្រាវ​-​សង្គម​ស៊ីវិល​,​សន្និសីទ​និង​សិក្ខាសាលា​សម្រាប់​ថ្នាក់ដឹកនាំ​និង​អ្នកជំនាញ​ដើម្បី​ចែករំលែក អំពី​បច្ចុប្បន្នភាព និង​អនាគត​នៃ​បច្ចេកវិទ្យា​,​កម្មវិធី​បង្កើត​ទំនាក់ទំនង​សម្រាប់​ធុរកិច្ច​ថ្មី​បច្ចេក វិទ្យា​និង​វិនិយោគិន​, កម្មវិធី Seedstars summit, កម្មវិធី ASEAN YOUNG ENTREPRENEURS CARNIVAL, កម្មវិធី Startup Investment Readiness Program for Tech Startup, វេទិកា​ធុរកិច្ច​ថ្មី​កម្ពុជា វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​សកម្មភាព​សំខាន់ៗ​មួយចំនួនទៀត​។​
​កម្មវិធី​នេះ​ត្រូវបាន​ដឹកនាំ​រៀបចំ​និង​សម្របសម្រួល​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​និង​ទទួលបាន​ការ គាំទ្រ​ពី​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​រួមមាន​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងការបរទេស និង​សហ​-​ប្រតិបត្តិការ​អន្តរជាតិ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​។

​​គួរបញ្ជាក់​ផងដែរ​ថា ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នឹង​អញ្ជើញ​ធ្វើជា​អធិបតី​បើកសម្ពោធ ជា​ផ្លូវការ​នូវ ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា ២០២២​។

​កម្មវិធី​នេះ ក៏​នឹងមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន តំណាង​មកពី​លេខាធិការដ្ឋាន​អាស៊ាន ឯកអគ្គរាជទូត​ប្រចាំ​នៅ​កម្ពុជា​នៃ​ប្រទេស​តំបន់​អាស៊ាននិង​អាស៊ាន​បូក ដៃគូ​អភិវឌ្ឍន៍​និង​ដៃគូ​សន្ទនា​ជាតិ​និង​អន្តរជាតិ វាគ្មិន​ជំនាញ​ជាតិ​និង​អន្តរជាតិវិស័យ​ឯកជនជាតិ ​និង​អន្តរជាតិ​។ជាការ​រំពឹងទុក​កម្ម​វិធី​នេះ​នឹងមាន​ការដាក់​ស្តង់​ពិព័រណ៍សរុប​ប្រមាណ៤០០ស្តង់និង​សង្ឃឹមថា​នឹងមាន​អ្នកចូលរួម​ប្រមាណ ៦០, ០០០ នាក់ មកពី​ស្ថាប័ន​រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ និង​ដៃគូ​​អភិវឌ្ឍន៍​វិស័យ ​ឯកជន ក្រុមហ៊ុន​អភិវឌ្ឍន៍​បច្ចេកវិទ្យាក្រុមហ៊ុន​អេឡិចត្រូនិក​និង​យានយន្តប្រតិបត្តិ​ករ​ទូរគមនាគមន៍ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិតគ្រឹះស្ថាន​ធនាគារនិង​មីក្រូ ហិរញ្ញវត្ថុ សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​ថ្មី​បច្ចេកវិទ្យា ជាដើម​។​

​លោក កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានផ្តល់​ចំណាប់ អារម្មណ៍​ចំពោះ ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា ២០២២ ថា ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា ២០២២​គឺជា​កម្មវិធី​ដែល​រៀបចំឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​សក្តានុពល​និង​ភាព​រីកដុះដាល​នៃ​អាជីវកម្ម​បច្ចេកវិទ្យា​ក្នុងស្រុកក៏ដូចជា​ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​និង​ទាញយក​ចំណា ប់អារម្មណ៍​អ្នកវិនិយោគ​ខាងក្រៅ​ប្រទេស ឱ្យ​ងាក​សម្លឹង​មក​កម្ពុជា ក៏ដូចជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។ នេះ​ជាការ​បោះជំហាន​សម្រាប់​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋ​កិច្ច​ឌីជីថល​ដែលមាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​។ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​រៀបចំ​និង​ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ការអភិវឌ្ឍ​វិស័យ​វិទ្យា សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដោយបាន​ដាក់ចេញ​នូវ​គោលនយោបាយ​និង​ផែនទី​បង្ហាញផ្លូវ​ជា​បន្តបន្ទាប់ មាន​ជាអាទិ៍​៖ គោល នយោបាយ​ជាតិ​ស្តីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ឆ្នាំ​២០២០-២០៣០ ផែនទី​បង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កម្ពុជា ២០៣០ ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​កសិកម្ម​ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​អប់រំ និង​ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​សុខាភិបាល ព្រម ទាំង​គ្រោង​នឹង​រៀបចំ​ផែនទី​បង្ហាញផ្លូវ​សម្រាប់​បច្ចេកវិទ្យា​អាទិភាព​មួយចំនួនទៀត ដែល​បម្រើ​ដល់​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា ​លើ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ផងដែរ​។ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សង្ឃឹមថា​ប្រជាជន​កម្ពុជា សហគ្រិន និង​វិនិយោគិន ជាច្រើន​នឹង​ទទួលបាន​ប្រយោជន៍​ពី​គំនិត​នៃ​ការផ្តួចផ្តើម​ទាំងនេះ​។​

ឯកឧត្តម កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​មានប្រសាសន៍ថា ដើម្បី​ឆ្លើយ តប​និង​ចូលរួម​ធ្វើឱ្យបាន​សម្រេច​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៦ គោលនយោបាយ​ជាតិ​ស្តីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ឆ្នាំ​២០២០-២០៣០ និង​ក្របខណ្ឌ​ផែនការ​យុទ្ធសាស្ត្រ រួមទាំង​ក្របខណ្ឌ​គតិយុត្ត​មួយចំនួន ទៀត ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាននិងកំពុង​ប្រឹងប្រែង​រៀបចំ​និង​ជំរុញ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ប្រព័ន្ធ​នវានុវត្តន៍​ជាតិ​ដើម្បី​ធានាបាន​ថា​កម្ពុជា​នឹង​ក្លាយខ្លួនជា​ប្រទេស​មាន​ចំណូ​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​។​


​សេចក្តីជូនដំណឹង​នេះ ក៏បាន​ស្រង់​សម្តី​ឯកឧត្តម ហ៊ុល សៀង​ហេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្នុងនាម​អគ្គនាយកដ្ឋាន​ទទួលបន្ទុក​សម្របសម្រួល​រៀបចំ​កម្មវិធី ដែល​បាន​មានប្រសាសន៍ថា យន្តការ​សហការ​យ៉ាង​ស្អិតរ​មួ​ត​រវាង​ស្ថាប័នរដ្ឋ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ជា​គន្លឹះ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ឱ្យមាន​ការរីកចម្រើន​ឆាប់រហ័ស​។ ហេតុនេះ​សូម​អញ្ជើញ​សាធារណជន វិស័យ​ឯកជន​ដៃគូ​អភិវឌ្ឍន៍​និង​ស្ថាប័ន​ពាក់ព័ន្ធចូលរួម​ឱ្យបាន​ច្រើន​កុះករ​ក្នុង​ពិព័រណ៍​ បច្ចេកវិទ្យា​កម្ពុ​ជានា​ពេល​ខាងមុខនេះដើម្បី​ទទួលបាន​ពុទ្ធិ ចំណេះដឹង ជាពិសេស​ស្រូប​ទាញយក​នូវ​ឱកាស​នៃ​ពង្រីក​បច្ចេកវិទ្យា​របស់​ខ្លួន ក៏ដូចជា​ឱកាស​នៃ​ការវិនិយោគ​តាម​វិស័យ​ទាំងអស់គ្នា​៕ដោយៈសិរីមតី