សេដ្ឋកិច្ច

CBC៖មកដល់​ឆ្នាំ​២០២២​នេះ​ចំនួន​អ្នកប្រើប្រាស់​កម្ចី​មាន​ចំនួន ៤.៦៧​លាន​នាក់​

ភ្នំពេញ​៖​របាយការណ៍​របស់​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា (CBC) បាន​បញ្ជាក់ថា មកដល់​ឆ្នាំ​២០២២​នេះ​ចំនួន​អ្នកប្រើប្រាស់​កម្ចី មាន​ចំនួន​៤.៦៧​លាន​នាក់​ក្នុងនោះ​ស្ត្រី ២.៤៨​លាន​នាក់ ស្មើ ៥៣% និង​បុរស ២.១៩​លាន​នាក់ ស្មើ ៤៧%​។​

​លោក អឿ សុធា​រ័ត្ន នាយក​ប្រតិបត្តិ CBC បាន​ថ្លែងថា ១០​ឆ្នាំ​មកនេះ CBC បាន​ខិតខំ​បង្កើតជា​ថ្នាល ក្នុងការ​គ្រប់គ្រង​ទិន្នន័យ​ឥណទាន​នៅ​កម្ពុជា និង​បាន​ជួយ​ដល់​ស្ថាប័នហិរញ្ញវត្ថុ ជា​សមាជិក​របស់ CBC ចំនួន​១៨១​ស្ថាប័ន ដោយបាន​ចាត់ទុកថា ការលើកកម្ពស់​ការយ​ល់​ដឹង​ពី​សុខភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន ជា​កត្តា​អទិភាព​ផងដែរ​។​

​លោកស្រី ជា សិរី ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី (CBC) បាន​លើកឡើងថា បច្ចុប្បន្ននេះ CBC កំពុងមាន​អំ​រែក​យ៉ាង​ធំ និង​ធ្ងន់​មួយ គឺ​ការ​បម្រើសេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ឆ្ពោះទៅ​ចាប់យក​ឌីជីថល​រូបី​យក​ម្ម និង​ការវិភាគ​ទិន្នន័យ​កម្រិត​ខ្ពស់​។​វត្តមាន​របស់ CBC រយៈពេល​១០​ឆ្នាំ​មកនេះ បានរួម​ចំណែក​ជួយ​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ និង​ទីផ្សារ​ឥណទាន មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់ មិនតែប៉ុណ្ណោះ​បាន​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា មានលទ្ធភាព​ទទួលបាន​ឥណទាន​កាន់តែ​ទូលំទូលាយ និង​មាន​កំណើន​ជា​រៀងរាល់ឆ្នាំ អតិថិជន​ដែល​ទទួលបាន​ឥណទាន​ទាំងនោះ មិន​ត្រឹម​ទទួលបាន​ឥណទាន​ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ តែមាន​លទ្ធភាព​ទិញ​សម្ភារៈ​ចាំបាច់​នានា ក្នុងការ​ប្រើប្រាស់​ផងដែរ​។​

​លោកស្រី​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​ដ៏​ខ្លី CBCបាន​ពង្រីក​ខ្លួន​ជា​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ទំនើប និង​អភិវឌ្ឍន៍​ពេញលេញ ក្នុងការ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​និង​ផ្ដល់​សេវាកម្ម​បន្ថែម​ជាច្រើន​។ បន្ថែម​ពីនេះ CBC មិន​ត្រឹម​រក្សាទុក​ប្រវត្តិ​ព័ត៌មាន​អវិជ្ជមាន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​ព័ត៌មាន​វិជ្ជមាន​ជាច្រើន​ក្នុង​គោលបំណង​លើកទឹកចិត្ត ការប្រើប្រាស់​ឥណទាន​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​រប​ស់​អ្នក​ខ្ចី​៕ដោយៈសិរីមតី