សេដ្ឋកិច្ច

សម្តេច​តេ​ជោ ហ៊ុន សែន​៖ កម្ពុជា​តែងតែ​ទទួលបាន​ចំណូល​ពី​ពន្ធដារ​ប្រមាណ​២៥០​លាន​ដុល្លារ យ៉ាងតិច​ជា​រៀងរាល់ខែ​

ភ្នំពេញ​៖ ក្នុងឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២២​សម្តេច​តេ​ជោហ៊ុន សែន បានចាត់ទុក​វិស័យ​ឯកជន ជា​ក្បាលម៉ាស៊ីន នៃ​កំណើនសេដ្ឋកិច្ច ដោយសារ​ការរីកចម្រើន​នៃ​វិស័យ​ឯកជន បាន​ជួយ​ដោះស្រាយ​បញ្ហា​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​ហើយ​នៅពេល​វិស័យ​ឯកជន​កាន់តែខ្លាំង ការបង់ពន្ធ​ជូន​រដ្ឋ​ក៏​កាន់តែច្រើន​ដែរ​។​កម្ពុជា​តែងតែ​ទទួល​បាន​ចំណូល​ពី​ពន្ធដារ​ប្រមាណ​២៥០​លាន​ដុល្លារ យ៉ាងតិច​ជា​រៀងរាល់ខែ ។​

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា វិស័យ​ឯកជន បាននិងកំពុង​ពង្រឹង​ខ្លួន​ឡើង ដែល​ទាមទារ​នូវ​ធនធានមនុស្ស សម្រាប់​អភិវឌ្ឍន៍ ហើយ​​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​វិស័យ​ឯកជន ជា​ក្បាលម៉ាស៊ីន​រថភ្លើង នៃ​កំណើនសេដ្ឋកិច្ច​។​ធនធានមនុស្ស ដែល​បាន​បណ្ដុះ​បណ្ដាល​នៅតាម​បណ្ដា​គ្រឹះស្ថានឧត្ដមសិក្សា​នានា គឺ​មួយផ្នែកធំ​បាន​វិស័យ​ឯកជន​ទទួលយក​ទៅធ្វើ​ការ ដោយ​ម្ខាង​ដោះស្រាយ​ធ្វើការ​ងារ​ឲ្យ​និស្សិត និង​ម្ខាង​ទៀត គឺ​ដើម្បី​ការរីកចម្រើន​នៃ​វិស័យ​ឯកជន​ខ្លួនឯង​។​

​សម្ដេច​តេ​ជោ បាន​ថ្លែង​បន្ថែមទៀតថា“​វិស័យ​ឯកជន រីក​ធំធាត់​កាលណា គឺ​វា​ជួយ​ដោះស្រាយ​បញ្ហា​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស តាម​រយៈ​ការដោះស្រាយ​ការងារ​ធ្វើ និង​តាមរយៈ​នៃ​ការបង់ពន្ធ​វិស័យ​ឯកជន​កាន់តែខ្លាំង ការបង់ពន្ធ​កាន់តែច្រើន ហើយ​ដែល​ការ​បាន​ប្រាប់​ពី​ការបង់ពន្ធ​នោះយើង​មានលទ្ធភាព​យកទៅ​វិនិយោគ ធ្វើ​ផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ដំឡើង​បៀវត្ស​មន្ត្រីរាជការ​របស់​យើង​​​”​​៕ដោយៈសិរីមតី